1. បើមានតែបាយក្រៀម១ដុំ ដែលនឹងបរិភោគដោយសេចក្តីសុខ នោះវិសេសជាងមានផ្ទះពេញដោយការជប់លៀង តែមានសេចក្តីទាស់ទែងគ្នាវិញ។
2. បាវដែលបំរើដោយប្រាជ្ញា នោះនឹងត្រួតលើកូនដែលនាំឲ្យឪពុកមានសេចក្តីខ្មាស ហើយនឹងបានចំណែកមរដកជាមួយនឹងបងប្អូនរបស់កូននោះដែរ។
3. មនុស្សប្រើបាវដីសំរាប់សំរងប្រាក់ ហើយឡសំរាប់មាស តែគឺព្រះយេហូវ៉ាដែលទ្រង់លមើលចិត្តវិញ។
4. មនុស្សដែលប្រព្រឹត្តអាក្រក់ គេតែងស្តាប់តាមបបូរមាត់អាក្រក់ ហើយមនុស្សភូតភរក៏ផ្ទៀងត្រចៀក ស្តាប់អណ្តាតកាច។
5. អ្នកណាដែលចំអកឲ្យមនុស្សក្រ នោះក៏មើលងាយដល់ព្រះដែលបង្កើតគេមកដែរ ឯអ្នកណាដែលត្រេកអរក្នុងការអន្តរាយរបស់គេ នោះនឹងមិនរួចពីទោសឡើយ។
6. កូនចៅជាមកុដដល់មនុស្សចាស់ៗ ហើយឪពុកជាទីអំនួតរបស់ពួកកូន។
7. ពាក្យសំដីខ្ពស់ប្រសើរ មិនសំណំនឹងមនុស្សល្ងីល្ងើទៅហើយ ចំណង់បើបបូរមាត់កំភូត តើមិនសំណំនឹងមនុស្សត្រកូលខ្ពស់ជាជាងយ៉ាងណាទៅ។
8. សំណូករាប់ដូចជាត្បូងមានដំឡៃដល់អ្នកណាដែលមាន ទោះបើជូនទៅខាងណាក៏ដោយ គង់តែសំរេចការបាន។
9. អ្នកណាដែលគ្របបាំងសេចក្តីកំហុសរបស់អ្នកដទៃ នោះជាអ្នកស្វែងរកសេចក្តីរាប់អានគ្នា តែអ្នកណាដែលចេះតែនិយាយសាំពីការនោះ នឹងនាំឲ្យមិត្រសំឡាញ់បាក់បែកគ្នាវិញ។
10. ពាក្យបន្ទោសតែ១ម៉ាត់ តែងមុតចូលទៅក្នុងចិត្តរបស់មនុស្សមានយោបល់ ជាជាងការវាយមនុស្សល្ងីល្ងើ១០០រំពាត់ទៅទៀត។
11. មនុស្សខូចអាក្រក់ គេរកតែបះបោរម្យ៉ាងប៉ុណ្ណោះ ដូច្នេះ នឹងត្រូវមានអ្នកបំរើយ៉ាងសាហាវ ចេញមកទាស់នឹងគេ។