សុភាសិត 16:15-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. កាល​ណា​ស្តេច​មាន​ព្រះ‌ភក្ត្រ​រីក‌រាយ នោះ​ឯង​បាន​ជីវិត​គង់​នៅ​ហើយ ឯ​ព្រះ‌គុណ​ទ្រង់​ក៏​ដូច​ជា​ពពក​នៅ​ចុង​រដូវ​ភ្លៀង។

16. ការ​ដែល​បាន​ប្រាជ្ញា នោះ​វិសេស​ជាង​បាន​មាស​តើ​អំបាលម៉ាន​ទៅ អើ ការ​ដែល​បាន​យោបល់ នោះ​គួរ​រើស​យក​ជា​ជាង​ប្រាក់​ទៅ​ទៀត។

17. ផ្លូវ​របស់​មនុស្ស​ទៀង​ត្រង់ នោះ​គឺ​ជា​ការ​ចៀស​វាង​ពី​អំពើ​អាក្រក់ អ្នក​ណា​ដែល​រក្សា​ទុក​នូវ​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​នោះ​ឈ្មោះ​ថា​ការ‌ពារ​ព្រលឹង​ខ្លួន។

18. សេចក្តី​ឆ្មើង‌ឆ្មៃ​នាំ​មុខ​សេចក្តី​ហិន‌វិនាស ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ។

19. ការ​ដែល​មាន​ចិត្ត​សុភាព ជា​មួយ​នឹង​ពួក​មនុស្ស​រាប​ទាប នោះ​វិសេស​ជាង​ការ​ចែក​របឹប​ជា​មួយ​នឹង​មនុស្ស​អួត​អាង។

20. អ្នក​ណា​ដែល​រំពឹង​គិត​ពី​ដំណើរ​អ្វី នោះ​នឹង​បាន​សេចក្តី​ល្អ​ចេញ​ពី​នោះ​មក ហើយ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​សប្បាយ​ហើយ។

21. ឯ​អ្នក​ណា​ដែល​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នោះ​នឹង​បាន​ឈ្មោះ​ថា​ជា​អ្នក​ឆ្លៀវ‌ឆ្លាត ហើយ​សេចក្តី​ផ្អែម‌ល្ហែម​នៃ​បបូរ​មាត់​ក៏​ចំរើន​ចំណេះ​កាន់​តែ​ច្រើន​ឡើង។

22. អ្នក​ណា​ដែល​មាន​យោបល់​ហើយ យោបល់​នោះ​ឯង​ជា​រន្ធ​ទឹក​នៃ​ជីវិត​ដល់​អ្នក​នោះ ហើយ​ការ​វាយ‌ផ្ចាល​របស់​មនុស្ស​ល្ងី‌ល្ងើ គឺ​ជា​សេចក្តី​ចំកួត​របស់​ខ្លួន​គេ។

23. ចិត្ត​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា នោះ​បង្រៀន​មាត់​របស់​ខ្លួន ហើយ​ក៏​បង្កើន​ឲ្យ​បបូរ​មាត់​មាន​ចំណេះ​កាន់​តែ​ច្រើន​ឡើង​ផង។

24. ពាក្យ​សំដី​ពីរោះ នោះ​ធៀប​ដូច​ជា​សំណុំ​ឃ្មុំ ក៏​ផ្អែម​ដល់​ព្រលឹង ហើយ​ជា​ថ្នាំ​ផ្សះ​ដល់​ឆ្អឹង​ផង។

25. មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺ​ជា​សេចក្តី​ស្លាប់។

26. ការ​ស្រេក​ឃ្លាន​របស់​អ្នក​ណា​ដែល​រក​ស៊ី នោះ​ខំ​ធ្វើ​សំរាប់​ខ្លួន​អ្នក​នោះ​ឯង ដ្បិត​មាត់​ខ្លួន​បង្ខំ​ឲ្យ​ធ្វើ​ទៅ។

27. មនុស្ស​ចោល‌ម្សៀត គេ​គិត​គូ​បង្កើត​ការ​អាក្រក់ ហើយ​នៅ​បបូរ​មាត់​គេ​មាន​ភ្លើង​ក្តៅ​ដែរ។

សុភាសិត 16