សុភាសិត 15:7-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. បបូរ​មាត់​របស់​មនុស្ស​ប្រាជ្ញ រមែង​ផ្សាយ​ចេញ​ជា​ចំណេះ តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​មិន​មែន​ដូច្នោះ​ទេ។

8. យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់ ជា​សេចក្តី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​សេចក្តី​អធិស្ឋាន​នៃ​មនុស្ស​ទៀង‌ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ទ្រង់​វិញ។

9. ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​អាក្រក់ ជា​សេចក្តី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​ស្រឡាញ់​ចំពោះ​អ្នក​ណា​ដែល​ដើរ​តាម​សេចក្តី​សុចរិត​វិញ។

10. មាន​សេចក្តី​ផ្ចាញ់‌ផ្ចាល​យ៉ាង​សហ័ស បំរុង​ទុក​សំរាប់​អ្នក​ណា​ដែល​បោះ‌បង់​ចេញ​ពី​ផ្លូវ ហើយ​អ្នក​ណា​ដែល​ស្អប់​សេចក្តី​បន្ទោស នោះ​នឹង​ត្រូវ​ស្លាប់។

11. ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ និង​ទី​វិនាស នោះ​ប្រាកដ​ច្បាស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ​ហើយ ចំណង់​បើ​ចិត្ត​នៃ​អស់​ទាំង​មនុស្ស​ជាតិ តើ​ច្បាស់​ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត។

12. មនុស្ស​ដែល​ចំអក​មើល‌ងាយ គេ​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​បន្ទោស​ខ្លួន​ឡើយ ក៏​មិន​ដែល​រក​អ្នក​ប្រាជ្ញ​ដែរ។

13. ចិត្ត​រីក‌រាយ តែង​តែ​បណ្តាល​ឲ្យ​មាន​ទឹក​មុខ​ផូរ‌ផង់ តែ​វិញ្ញាណ​ត្រូវ​បាក់​បែក​ដោយ​កើត​មាន​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត។

14. ចិត្ត​របស់​អ្នក​ណា​ដែល​មាន​យោបល់​ហើយ នោះ​រមែង​ស្វែង​រក​ចំណេះ តែ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​តែង​តែ​ចិញ្ចឹម​ខ្លួន ដោយ​សេចក្តី​ចំកួត​វិញ។

15. អស់​ទាំង​ថ្ងៃ​នៃ​មនុស្ស​រង​ទុក្ខ​វេទនា នោះ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ជា​សុខ នោះ​ប្រៀប​ដូច​ជា​មាន​ការ​ស៊ី‌លៀង​នៅ​ជានិច្ច។

16. មាន​ទ្រព្យ​សម្បត្តិ​តិច ហើយ​មាន​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​វិសេស​ជាង​មាន​ច្រើន ហើយ​មាន​សេចក្តី​ទុក្ខ​វិញ។

17. ស៊ូ​ឲ្យ​មាន​តែ​បន្លែ​ជា​ម្ហូប​នៅ​កន្លែង​ណា​ដែល​មាន​សេចក្តី​ស្រឡាញ់ ជា​ជាង​មាន​សាច់​គោ​ដែល​បំប៉ន​ឲ្យ​ធាត់ ហើយ​មាន​សេចក្តី​សំអប់​វិញ។

18. មនុស្ស​គំរោះ‌គំរើយ រមែង​បណ្តាល​ឲ្យ​មាន​សេចក្តី​ទាស់‌ទែង​គ្នា តែ​អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​រំងាប់​សេចក្តី​ជំលោះ​វិញ។

19. ផ្លូវ​របស់​មនុស្ស​ខ្ជិល​ច្រអូស ធៀប​ដូច​ជា​របង​បន្លា តែ​ផ្លូវ​ច្រក​របស់​មនុស្ស​ទៀង​ត្រង់​ត្រឡប់​ជា​ថ្នល់​ធំ​វិញ។

20. កូន​ដែល​មាន​ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​ឪពុក​សប្បាយ តែ​មនុស្ស​ល្ងី‌ល្ងើ គេ​មើល‌ងាយ​ម្តាយ​ខ្លួន​វិញ។

21. ឯ​ការ​ចំកួត​ជា​សេចក្តី​អំណរ ដល់​មនុស្ស​ដែល​ឥត​ប្រាជ្ញា តែ​មនុស្ស​ដែល​មាន​យោបល់ គេ​រមែង​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​វិញ។

22. ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ តែ​បើ​មាន​អ្នក​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ។

23. មនុស្ស​រមែង​មាន​សេចក្តី​អំណរ ដោយ​ពាក្យ​ឆ្លើយ​របស់​ខ្លួន ហើយ​ពាក្យ​១​ម៉ាត់​ដែល​នឹង​ពោល​ត្រូវ​ពេល នោះ​ល្អ​ណាស់​ហ្ន៎។

24. ខាង​ឯ​មនុស្ស​មាន​ប្រាជ្ញា នោះ​ផ្លូវ​នៃ​ជីវិត​ចេះ​តែ​នាំ​ឡើង​ទៅ​លើ ដើម្បី​ឲ្យ​បាន​ឃ្លាត​ចេញ​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដែល​នៅ​ខាង​ក្រោម។

សុភាសិត 15