6. នៅក្នុងផ្ទះមនុស្សសុចរិតមានទ្រព្យសម្បត្តិច្រើន តែក្នុងកំរៃនៃមនុស្សអាក្រក់ តែងតែមានសេចក្តីវេទនាវិញ។
7. បបូរមាត់របស់មនុស្សប្រាជ្ញ រមែងផ្សាយចេញជាចំណេះ តែចិត្តរបស់មនុស្សល្ងីល្ងើមិនមែនដូច្នោះទេ។
8. យញ្ញបូជារបស់មនុស្សអាក្រក់ ជាសេចក្តីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែសេចក្តីអធិស្ឋាននៃមនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ទ្រង់វិញ។
9. ផ្លូវប្រព្រឹត្តរបស់មនុស្សអាក្រក់ ជាសេចក្តីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែទ្រង់ស្រឡាញ់ចំពោះអ្នកណាដែលដើរតាមសេចក្តីសុចរិតវិញ។
10. មានសេចក្តីផ្ចាញ់ផ្ចាលយ៉ាងសហ័ស បំរុងទុកសំរាប់អ្នកណាដែលបោះបង់ចេញពីផ្លូវ ហើយអ្នកណាដែលស្អប់សេចក្តីបន្ទោស នោះនឹងត្រូវស្លាប់។
11. ស្ថានឃុំព្រលឹងមនុស្សស្លាប់ និងទីវិនាស នោះប្រាកដច្បាស់នៅចំពោះព្រះយេហូវ៉ាទៅហើយ ចំណង់បើចិត្តនៃអស់ទាំងមនុស្សជាតិ តើច្បាស់ជាជាងអម្បាលម៉ានទៅទៀត។
12. មនុស្សដែលចំអកមើលងាយ គេមិនចូលចិត្តឲ្យអ្នកណាបន្ទោសខ្លួនឡើយ ក៏មិនដែលរកអ្នកប្រាជ្ញដែរ។
13. ចិត្តរីករាយ តែងតែបណ្តាលឲ្យមានទឹកមុខផូរផង់ តែវិញ្ញាណត្រូវបាក់បែកដោយកើតមានទុក្ខព្រួយក្នុងចិត្ត។
14. ចិត្តរបស់អ្នកណាដែលមានយោបល់ហើយ នោះរមែងស្វែងរកចំណេះ តែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួន ដោយសេចក្តីចំកួតវិញ។
15. អស់ទាំងថ្ងៃនៃមនុស្សរងទុក្ខវេទនា នោះសុទ្ធតែអាក្រក់ទាំងអស់ តែអ្នកណាដែលមានចិត្តជាសុខ នោះប្រៀបដូចជាមានការស៊ីលៀងនៅជានិច្ច។
16. មានទ្រព្យសម្បត្តិតិច ហើយមានសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះវិសេសជាងមានច្រើន ហើយមានសេចក្តីទុក្ខវិញ។
17. ស៊ូឲ្យមានតែបន្លែជាម្ហូបនៅកន្លែងណាដែលមានសេចក្តីស្រឡាញ់ ជាជាងមានសាច់គោដែលបំប៉នឲ្យធាត់ ហើយមានសេចក្តីសំអប់វិញ។
18. មនុស្សគំរោះគំរើយ រមែងបណ្តាលឲ្យមានសេចក្តីទាស់ទែងគ្នា តែអ្នកណាដែលយឺតនឹងខឹង នោះរំងាប់សេចក្តីជំលោះវិញ។