18. មនុស្សគំរោះគំរើយ រមែងបណ្តាលឲ្យមានសេចក្តីទាស់ទែងគ្នា តែអ្នកណាដែលយឺតនឹងខឹង នោះរំងាប់សេចក្តីជំលោះវិញ។
19. ផ្លូវរបស់មនុស្សខ្ជិលច្រអូស ធៀបដូចជារបងបន្លា តែផ្លូវច្រករបស់មនុស្សទៀងត្រង់ត្រឡប់ជាថ្នល់ធំវិញ។
20. កូនដែលមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយ តែមនុស្សល្ងីល្ងើ គេមើលងាយម្តាយខ្លួនវិញ។
21. ឯការចំកួតជាសេចក្តីអំណរ ដល់មនុស្សដែលឥតប្រាជ្ញា តែមនុស្សដែលមានយោបល់ គេរមែងដើរតាមផ្លូវទៀងត្រង់វិញ។
22. ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកជួយគំនិតជាច្រើន នោះនឹងកើតការវិញ។
23. មនុស្សរមែងមានសេចក្តីអំណរ ដោយពាក្យឆ្លើយរបស់ខ្លួន ហើយពាក្យ១ម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎។
24. ខាងឯមនុស្សមានប្រាជ្ញា នោះផ្លូវនៃជីវិតចេះតែនាំឡើងទៅលើ ដើម្បីឲ្យបានឃ្លាតចេញពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ដែលនៅខាងក្រោម។
25. ព្រះយេហូវ៉ានឹងបំផ្លាញផ្ទះរបស់មនុស្សឆ្មើងឆ្មៃ តែទ្រង់នឹងតាំងគោលចារឹកនៃស្រីមេម៉ាយឲ្យមាំមួនវិញ។
26. គំនិតអាក្រក់ជាសេចក្តីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពាក្យសំដីរបស់មនុស្សបរិសុទ្ធ នោះពីរោះវិញ។
27. អ្នកណាដែលលោភចង់បានកំរៃ នោះរមែងធ្វើឲ្យផ្ទះខ្លួនកើតទុក្ខ តែអ្នកណាដែលស្អប់សំណូក នោះនឹងរស់នៅវិញ។
28. ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន ទើបឆ្លើយតែមាត់មនុស្សអាក្រក់បង្ហូរចេញជាសេចក្តីអាក្រក់វិញ។
29. ព្រះយេហូវ៉ាទ្រង់គង់នៅឆ្ងាយពីមនុស្សអាក្រក់ តែទ្រង់ស្តាប់សេចក្តីអធិស្ឋានរបស់មនុស្សសុចរិតវិញ។
30. ពន្លឺនៃភ្នែក នោះនាំឲ្យចិត្តរីករាយ ហើយដំណឹងដែលគាប់ចិត្ត នោះរមែងចំរើនកំឡាំងដល់ឆ្អឹង។
31. ត្រចៀកណាដែលស្តាប់តាមសេចក្តីបន្ទោសនៃជីវិត នោះនឹងអាស្រ័យនៅជាកណ្តាលពួកអ្នកប្រាជ្ញ។