1. ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្តីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្តាលឲ្យមានសេចក្តីកំហឹងវិញ។
2. អណ្តាតរបស់មនុស្សប្រាជ្ញ រមែងធ្វើឲ្យចំណេះបានពីរោះស្តាប់ តែមាត់របស់មនុស្សល្ងីល្ងើបង្ហូរចេញជាសេចក្តីចំកួតវិញ។
3. ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាមមើលឃើញទាំងអស់ ទោះទាំងអាក្រក់ និងល្អផង។
4. ឯអណ្តាតដ៏លំហើយ នោះជាដើមឈើនៃជីវិត តែបើមានសេចក្តីវៀចវិញ នោះនាំឲ្យវិញ្ញាណបាក់បែកទៅ។
5. មនុស្សល្ងីល្ងើតែងតែស្អប់សេចក្តីប្រៀនប្រដៅរបស់ឪពុក តែអ្នកណាដែលស្តាប់តាមសេចក្តីបន្ទោស នោះនឹងបានគំនិតវាងវៃវិញ។
6. នៅក្នុងផ្ទះមនុស្សសុចរិតមានទ្រព្យសម្បត្តិច្រើន តែក្នុងកំរៃនៃមនុស្សអាក្រក់ តែងតែមានសេចក្តីវេទនាវិញ។
7. បបូរមាត់របស់មនុស្សប្រាជ្ញ រមែងផ្សាយចេញជាចំណេះ តែចិត្តរបស់មនុស្សល្ងីល្ងើមិនមែនដូច្នោះទេ។