សុភាសិត 14:5-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. សាក្សី​ស្មោះ‌ត្រង់​នឹង​មិន​កុហក​ឡើយ តែ​សាក្សី​ក្លែង‌ក្លាយ​តែង​តែ​ពោល​ពាក្យ​ភូត‌ភរ​វិញ។

6. មនុស្ស​ចំអក គេ​ខំ​ស្វែង​រក​ប្រាជ្ញា តែ​មិន​បាន​ទេ ឯ​ចំណេះ​វិញ នោះ​ងាយ​ដល់​អ្នក​ណា​ដែល​មាន​យោបល់។

7. ចូរ​ចៀស​ចេញ​ពី​មនុស្ស​ល្ងី‌ល្ងើ​ចុះ ដ្បិត​នឹង​ឃើញ​មាន​ចំណេះ​នៅ​បបូរ​មាត់​វា​មិន​បាន។

8. ឯ​ប្រាជ្ញា​របស់​មនុស្ស​វាង‌វៃ នោះ​គឺ​ឲ្យ​បាន​យល់​ផ្លូវ​របស់​ខ្លួន តែ​សេចក្តី​ចំកួត​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្តី​ឆ‌បោក​ទទេ។

9. មនុស្ស​ល្ងី‌ល្ងើ​រមែង​សើច​ឡក​ចំពោះ​អំពើ​បាប តែ​នៅ​ក្នុង​ពួក​មនុស្ស​សុចរិត តែង​មាន​សេចក្តី​រាប់​អាន​គ្នា។

10. ចិត្ត​មនុស្ស​រមែង​ស្គាល់​សេចក្តី​ជូរ​ចត់​របស់​ខ្លួន ឯ​មនុស្ស​ដទៃ នឹង​ទទួល​ចំណែក​ក្នុង​សេចក្តី​អំណរ​របស់​ចិត្ត​នោះ​មិន​បាន។

11. ផ្ទះ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រំលំ តែ​ខ្ទម​របស់​មនុស្ស​ទៀង​ត្រង់​នឹង​ចំរើន​កើន​ឡើង​វិញ។

12. មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺ​ជា​សេចក្តី​ស្លាប់​វិញ។

13. នៅ​វេលា​កំពុង​តែ​សើច​សប្បាយ គង់​តែ​ចិត្ត​មាន​សេចក្តី​សៅ‌សោក​ដែរ ហើយ​ចុង​បំផុត​នៃ​សេចក្តី​អំណរ គឺ​ជា​ធ្ងន់​ទ្រូង​វិញ។

14. អ្នក​ណា​ដែល​មាន​ចិត្ត​រសាយ​ថយ​ទៅ​វិញ នោះ​នឹង​បាន​ឆ្អែត​ក្នុង​ផ្លូវ​របស់​ខ្លួន តែ​មនុស្ស​ល្អ​នឹង​បាន​ស្កប់‌ស្កល់​អំពី​ក្នុង​ចិត្ត​ខ្លួន​ឯង​វិញ។

15. មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​មាន​គំនិត​វាង‌វៃ​រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត្ន។

16. មនុស្ស​ដែល​មាន​ប្រាជ្ញា​រមែង​កោត‌ខ្លាច ហើយ​ក៏​ចៀស​ចេញ​ពី​ផ្លូវ​អាក្រក់ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​មាន​ចិត្ត​ចើង‌ម៉ើង ហើយ​ទុក​ចិត្ត​តែ​នឹង​ខ្លួន​ឯង​វិញ។

17. អ្នក​ណា​ដែល​រហ័ស​ខឹង នោះ​តែង​តែ​ប្រព្រឹត្ត​ឥត​បើ​គិត ហើយ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ នោះ​រមែង​ជា​ទី​ស្អប់​ដល់​អ្នក​ដទៃ។

18. មនុស្ស​ឆោត​ល្ងង់ គេ​គ្រង​បាន​សេចក្តី​ចំកួត ទុក​ជា​មរដក តែ​មនុស្ស​ឆ្លៀវ‌ឆ្លាត​បាន​ពាក់​ដំរិះ​ជា​មកុដ​វិញ។

សុភាសិត 14