18. មនុស្សឆោតល្ងង់ គេគ្រងបានសេចក្តីចំកួត ទុកជាមរដក តែមនុស្សឆ្លៀវឆ្លាតបានពាក់ដំរិះជាមកុដវិញ។
19. មនុស្សអាក្រក់រមែងឱនចុះ នៅចំពោះមនុស្សល្អ ហើយមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ ក៏ក្រាបចុះនៅមាត់ទ្វារនៃមនុស្សសុចរិតដែរ។
20. មនុស្សក្រជាទីស្អប់ខ្ពើម ដល់ទាំងអ្នកជិតខាងខ្លួនផង តែឯអ្នកមានវិញ គេមានមិត្រសំឡាញ់ច្រើន។
21. អ្នកណាដែលមើលងាយដល់អ្នកជិតខាង នោះឈ្មោះថាមានបាបហើយ តែអ្នកណាដែលមានចិត្តមេត្តាដល់មនុស្សទាល់ក្រ នោះរមែងសប្បាយវិញ។
22. មនុស្សដែលគិតគូរបង្កើតការអាក្រក់ នោះវង្វេងហើយទេតើ ប៉ុន្តែឯមនុស្សដែលគិតគូរបង្កើតការល្អវិញ នោះនឹងបានសេចក្តីមេត្តា និងសេចក្តីពិត។
23. អស់ទាំងការដែលខំធ្វើ សុទ្ធតែមានកំរៃ តែសំដីទទេៗនាំឲ្យក្រខ្សត់វិញ។
24. ទ្រព្យសម្បត្តិជាមកុដដល់មនុស្សប្រាជ្ញ តែសេចក្តីចំកួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្តីចំកួតសុទ្ធ។
25. សាក្សីទៀងត្រង់ រមែងដោះព្រលឹងមនុស្សឲ្យរួច តែសាក្សីមិនទៀងត្រង់នោះពោលពាក្យភូតភរវិញ។
26. មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះមានទីពឹងមាំមួន ហើយកូនចៅរបស់គេនឹងបានទីពំនាក់ដែរ។
27. សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជារន្ធទឹកនៃជីវិត ប្រយោជន៍ឲ្យបានរួចពីអន្ទាក់នៃសេចក្តីស្លាប់។
28. ដែលស្តេចមានសិរីល្អ នោះគឺដោយមានរាស្ត្រជាច្រើន ឯចៅហ្វាយ បើគ្មានបណ្តាជន នោះត្រូវធ្លាក់ចុះវិញ។
29. អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវនោះសំញែងសេចក្តីចំកួតរបស់ខ្លួនវិញ។
30. ឯជីវិតរបស់សាច់ឈាម នោះគឺជាចិត្តដែលស្ងប់រំងាប់ តែចិត្តច្រណែនជាសេចក្តីពុករលួយដល់ឆ្អឹងវិញ។
31. អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដ៏បង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកំសត់ទុគ៌ត នោះជាអ្នកលើកដំកើងទ្រង់វិញ។
32. មនុស្សអាក្រក់ត្រូវធ្លាក់ចុះ ដោយអំពើខូចអាក្រក់របស់ខ្លួន តែមនុស្សសុចរិតមានទីពំនាក់ក្នុងកាលដែលស្លាប់វិញ។
33. មានប្រាជ្ញាស្ថិតនៅក្នុងចិត្តរបស់មនុស្សដែលមានយោបល់ តែសេចក្តីដែលនៅខាងក្នុងមនុស្សល្ងីល្ងើនោះរមែងសំដែងចេញមក។
34. សេចក្តីសុចរិតរមែងលើកដំកើងនគរ តែអំពើបាបជាទីគួរខ្មាសដល់សាសន៍ណាៗក៏ដោយ។
35. មហាក្សត្រតែងផ្តល់គុណ ដល់អ្នកបំរើណាដែលប្រព្រឹត្តដោយអើពើ តែសេចក្តីក្រោធរបស់ទ្រង់ នឹងទាស់ចំពោះអ្នកណាដែលបង្កើតហេតុឲ្យខ្មាសវិញ។