សុភាសិត 14:12-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺ​ជា​សេចក្តី​ស្លាប់​វិញ។

13. នៅ​វេលា​កំពុង​តែ​សើច​សប្បាយ គង់​តែ​ចិត្ត​មាន​សេចក្តី​សៅ‌សោក​ដែរ ហើយ​ចុង​បំផុត​នៃ​សេចក្តី​អំណរ គឺ​ជា​ធ្ងន់​ទ្រូង​វិញ។

14. អ្នក​ណា​ដែល​មាន​ចិត្ត​រសាយ​ថយ​ទៅ​វិញ នោះ​នឹង​បាន​ឆ្អែត​ក្នុង​ផ្លូវ​របស់​ខ្លួន តែ​មនុស្ស​ល្អ​នឹង​បាន​ស្កប់‌ស្កល់​អំពី​ក្នុង​ចិត្ត​ខ្លួន​ឯង​វិញ។

15. មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​មាន​គំនិត​វាង‌វៃ​រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត្ន។

16. មនុស្ស​ដែល​មាន​ប្រាជ្ញា​រមែង​កោត‌ខ្លាច ហើយ​ក៏​ចៀស​ចេញ​ពី​ផ្លូវ​អាក្រក់ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​មាន​ចិត្ត​ចើង‌ម៉ើង ហើយ​ទុក​ចិត្ត​តែ​នឹង​ខ្លួន​ឯង​វិញ។

17. អ្នក​ណា​ដែល​រហ័ស​ខឹង នោះ​តែង​តែ​ប្រព្រឹត្ត​ឥត​បើ​គិត ហើយ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ នោះ​រមែង​ជា​ទី​ស្អប់​ដល់​អ្នក​ដទៃ។

18. មនុស្ស​ឆោត​ល្ងង់ គេ​គ្រង​បាន​សេចក្តី​ចំកួត ទុក​ជា​មរដក តែ​មនុស្ស​ឆ្លៀវ‌ឆ្លាត​បាន​ពាក់​ដំរិះ​ជា​មកុដ​វិញ។

19. មនុស្ស​អាក្រក់​រមែង​ឱន​ចុះ នៅ​ចំពោះ​មនុស្ស​ល្អ ហើយ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ក៏​ក្រាប​ចុះ​នៅ​មាត់​ទ្វារ​នៃ​មនុស្ស​សុចរិត​ដែរ។

20. មនុស្ស​ក្រ​ជា​ទី​ស្អប់​ខ្ពើម ដល់​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ផង តែ​ឯ​អ្នក​មាន​វិញ គេ​មាន​មិត្រ​សំឡាញ់​ច្រើន។

21. អ្នក​ណា​ដែល​មើល‌ងាយ​ដល់​អ្នក​ជិត​ខាង នោះ​ឈ្មោះ​ថា​មាន​បាប​ហើយ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ទាល់​ក្រ នោះ​រមែង​សប្បាយ​វិញ។

22. មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ នោះ​វង្វេង​ហើយ​ទេ​តើ ប៉ុន្តែ​ឯ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​ល្អ​វិញ នោះ​នឹង​បាន​សេចក្តី​មេត្តា និង​សេចក្តី​ពិត។

23. អស់​ទាំង​ការ​ដែល​ខំ​ធ្វើ សុទ្ធ​តែ​មាន​កំរៃ តែ​សំដី​ទទេៗ​នាំ​ឲ្យ​ក្រ​ខ្សត់​វិញ។

សុភាសិត 14