11. ផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវរំលំ តែខ្ទមរបស់មនុស្សទៀងត្រង់នឹងចំរើនកើនឡើងវិញ។
12. មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្តីស្លាប់វិញ។
13. នៅវេលាកំពុងតែសើចសប្បាយ គង់តែចិត្តមានសេចក្តីសៅសោកដែរ ហើយចុងបំផុតនៃសេចក្តីអំណរ គឺជាធ្ងន់ទ្រូងវិញ។
14. អ្នកណាដែលមានចិត្តរសាយថយទៅវិញ នោះនឹងបានឆ្អែតក្នុងផ្លូវរបស់ខ្លួន តែមនុស្សល្អនឹងបានស្កប់ស្កល់អំពីក្នុងចិត្តខ្លួនឯងវិញ។
15. មនុស្សឆោតល្ងង់គេជឿគ្រប់ពាក្យទាំងអស់ តែមនុស្សមានគំនិតវាងវៃរមែងមើលផ្លូវខ្លួនដោយប្រយ័ត្ន។
16. មនុស្សដែលមានប្រាជ្ញារមែងកោតខ្លាច ហើយក៏ចៀសចេញពីផ្លូវអាក្រក់ តែមនុស្សល្ងីល្ងើគេមានចិត្តចើងម៉ើង ហើយទុកចិត្តតែនឹងខ្លួនឯងវិញ។
17. អ្នកណាដែលរហ័សខឹង នោះតែងតែប្រព្រឹត្តឥតបើគិត ហើយមនុស្សដែលគិតគូរបង្កើតការអាក្រក់ នោះរមែងជាទីស្អប់ដល់អ្នកដទៃ។
18. មនុស្សឆោតល្ងង់ គេគ្រងបានសេចក្តីចំកួត ទុកជាមរដក តែមនុស្សឆ្លៀវឆ្លាតបានពាក់ដំរិះជាមកុដវិញ។
19. មនុស្សអាក្រក់រមែងឱនចុះ នៅចំពោះមនុស្សល្អ ហើយមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ ក៏ក្រាបចុះនៅមាត់ទ្វារនៃមនុស្សសុចរិតដែរ។
20. មនុស្សក្រជាទីស្អប់ខ្ពើម ដល់ទាំងអ្នកជិតខាងខ្លួនផង តែឯអ្នកមានវិញ គេមានមិត្រសំឡាញ់ច្រើន។
21. អ្នកណាដែលមើលងាយដល់អ្នកជិតខាង នោះឈ្មោះថាមានបាបហើយ តែអ្នកណាដែលមានចិត្តមេត្តាដល់មនុស្សទាល់ក្រ នោះរមែងសប្បាយវិញ។
22. មនុស្សដែលគិតគូរបង្កើតការអាក្រក់ នោះវង្វេងហើយទេតើ ប៉ុន្តែឯមនុស្សដែលគិតគូរបង្កើតការល្អវិញ នោះនឹងបានសេចក្តីមេត្តា និងសេចក្តីពិត។
23. អស់ទាំងការដែលខំធ្វើ សុទ្ធតែមានកំរៃ តែសំដីទទេៗនាំឲ្យក្រខ្សត់វិញ។
24. ទ្រព្យសម្បត្តិជាមកុដដល់មនុស្សប្រាជ្ញ តែសេចក្តីចំកួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្តីចំកួតសុទ្ធ។