1. កូនដែលមានប្រាជ្ញារមែងស្តាប់តាមដំបូន្មានរបស់ឪពុក តែមនុស្សចំអកមើលងាយ មិនព្រមស្តាប់តាមពាក្យបន្ទោសទេ។
2. មនុស្សនឹងបានសេចក្តីល្អដោយសារផលដែលកើតពីមាត់មក តែព្រលឹងរបស់មនុស្សក្បត់នឹងបានតែសេចក្តីច្រឡោតវិញ។
3. អ្នកណាដែលរវាំងមាត់ នោះរមែងរក្សាជីវិតខ្លួនតែអ្នកណាដែលហាមាត់ធំ នោះនឹងត្រូវវិនាសទៅ។
4. ព្រលឹងនៃមនុស្សខ្ជិលច្រអូសប្រាថ្នាចង់បាន តែមិនបានអ្វីសោះ ឯព្រលឹងនៃមនុស្សព្យាយាម នោះនឹងបានជាបរិបូរវិញ។
5. មនុស្សសុចរិតរមែងស្អប់ពាក្យភូតភរ តែមនុស្សអាក្រក់គេគួរខ្ពើម ហើយមានសេចក្តីខ្មាសផង។
6. សេចក្តីសុចរិតតែងតែការពារអ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ តែអំពើអាក្រក់រមែងផ្តួលមនុស្សមានបាបវិញ។
7. មានគេដែលខំប្រឹងឲ្យបានជាអ្នកស្តុកស្តម្ភ តែគេគ្មានអ្វីសោះ ក៏មានមនុស្សដែលទៅជាក្រ តែមានទ្រព្យសម្បត្តិច្រើន។
8. ឯទ្រព្យសម្បត្តិ នឹងទុកសំរាប់លោះជីវិតមនុស្សបាន តែមនុស្សក្រគេមិនដែលឮពាក្យកំហែងទេ។
9. ពន្លឺនៃមនុស្សសុចរិត នោះជាទីសប្បាយហើយ តែចង្កៀងរបស់មនុស្សអាក្រក់នឹងរលត់ទៅ។
10. ផលនៃសេចក្តីឆ្មើងឆ្មៃ នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ តែប្រាជ្ញាស្ថិតនៅនឹងពួកអ្នកដែលស្តាប់តាមសេចក្តីទូន្មាន។
11. ទ្រព្យសម្បត្តិដែលបានដោយការមិនគួរគប្បី នោះនឹងខ្ជះខ្ជាយទៅ តែអ្នកណាដែលសន្សំដោយប្រឹងប្រែងនោះនឹងបានចំរើនកើនឡើង។
12. សេចក្តីសង្ឃឹមដែលចេះតែបន្ថយទៅ នោះនាំឲ្យរអាចិត្ត តែកាលណាបានដូចប្រាថ្នា នោះប្រៀបដូចជាដើមឈើនៃជីវិតវិញ។
13. អ្នកណាដែលមើលងាយព្រះបន្ទូល នោះនឹងនាំឲ្យខ្លួនត្រូវវិនាស តែអ្នកណាដែលកោតខ្លាចដល់ក្រឹត្យវិន័យនោះនឹងបានរង្វាន់វិញ។
14. ឱវាទរបស់អ្នកប្រាជ្ញជារន្ធទឹកនៃជីវិត សំរាប់ឲ្យបានរួចពីអន្ទាក់នៃសេចក្តីស្លាប់។
15. គំនិតឆ្លុះមុត នោះនាំឲ្យគេរាប់អាន តែផ្លូវរបស់មនុស្សដែលរំលងច្បាប់ នោះពិបាកវិញ។