9. អ្នកណាដែលគេរាប់អានតិច តែមានបាវបំរើ នោះវិសេសជាជាងមនុស្សណាដែលតំកើងខ្លួន ប៉ុន្តែខ្វះខាតអាហារវិញ។
10. មនុស្សសុចរិតរមែងប្រណី ដល់ជីវិតនៃសត្វរបស់ខ្លួន តែចិត្តរបស់មនុស្សអាក្រក់ នោះសាហាវណាស់។
11. អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានបាយជាបរិបូរ តែអ្នកណាដែលតាមសេចក្តីឥតប្រយោជន៍ នោះគ្មានយោបល់វិញ។
12. ឯមនុស្សអាក្រក់ គេចង់បានរបឹបរបស់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ តែឫសរបស់មនុស្សសុចរិត នោះបង្កើតផលផ្លែវិញ។
13. មានអន្ទាក់អាក្រក់ នៅក្នុងអំពើរំលងរបស់បបូរមាត់ តែមនុស្សសុចរិតនឹងចេញរួចពីសេចក្តីលំបាក។
14. មនុស្សនឹងបានស្កប់ចិត្តនឹងសេចក្តីល្អ ដោយសារផលដែលកើតពីមាត់ខ្លួន ហើយកិច្ចការដែលដៃមនុស្សធ្វើនោះនឹងបានសងដល់អ្នកនោះវិញ។
15. មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួនជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្តាប់សេចក្តីដំបូន្មានវិញ។
16. សេចក្តីគ្នាន់ក្នាញ់ក្នុងចិត្តមនុស្សល្ងីល្ងើ នោះបានសំដែងមកឲ្យឃើញភ្លាម តែមនុស្សឆ្លៀវឆ្លាតគេតែងគ្របបាំងសេចក្តីខ្មាសវិញ។
17. អ្នកណាដែលពោលពាក្យពិត នោះរមែងសំដែងចេញនូវសេចក្តីសុចរិត តែសាក្សីក្លែងក្លាយ នោះសំដែងសេចក្តីកំភូតវិញ។
18. មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ។
19. បបូរមាត់ដែលបញ្ចេញសេចក្តីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្តាតភូតភរ នោះនៅតែ១ភ្លែតទេ។
20. ការឆបោករមែងនៅក្នុងចិត្តនៃមនុស្សដែលគិតគូរបង្កើតការអាក្រក់ តែមានសេចក្តីអំណរសំរាប់មនុស្សដែលប្រឹក្សាឲ្យមានសេចក្តីសុខ។
21. មនុស្សសុចរិតនឹងមិនត្រូវកើតមានសេចក្តីភិតភ័យអន្តរាយឡើយ តែមនុស្សដែលប្រព្រឹត្តអាក្រក់នឹងបានឆ្អែតដោយការអាក្រក់។
22. បបូរមាត់ដែលពោលពាក្យភូតភរ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់ នោះជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។
23. មនុស្សដែលមានគំនិត គេគ្របបាំងចំណេះរបស់ខ្លួន តែចិត្តរបស់មនុស្សល្ងីល្ងើ តែងតែប្រកាសពីសេចក្តីល្ងង់វិញ។
24. ដៃរបស់មនុស្សព្យាយាម នឹងបានឡើងគ្រប់គ្រង តែមនុស្សខ្ជិលច្រអូសនឹងត្រូវទទួលការបំរើវិញ។
25. ការទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អ១ម៉ាត់នឹងធ្វើឲ្យរីករាយឡើង។
26. មនុស្សសុចរិតជាអ្នកចាំផ្លូវដល់អ្នកជិតខាង តែផ្លូវរបស់មនុស្សអាក្រក់រមែងនាំឲ្យវង្វេងវិញ។
27. មនុស្សខ្ជិលច្រអូស គេមិនអាំងសាច់របស់សត្វដែលខ្លួនចាប់បានទេ តែអ្វីៗដែលមនុស្សឧស្សាហ៍មាន នោះក៏រាប់ជាវិសេសវិញ។