សុភាសិត 11:16-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ស្ត្រី​ណា​ដែល​មាន​អធ្យា‌ស្រ័យ​ល្អ នោះ​តែង​រក្សា​ទុក​នូវ​កិត្តិសព្ទ ដូច​ជា​មនុស្ស​ប្រិត‌ប្រៀប​ដែល​រក្សា​ទ្រព្យ​សម្បត្តិ​ដែរ។

17. មនុស្ស​ដែល​មាន​ចិត្ត​មេត្តា នោះ​តែង​ធ្វើ​ល្អ​ដល់​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​សាហាវ នោះ​ធ្វើ​ទុក្ខ​ដល់​សាច់​ឈាម​ខ្លួន​វិញ។

18. មនុស្ស​អាក្រក់​បាន​កំរៃ​ដែល​តែង​តែ​លលួង តែ​អ្នក​ណា​ដែល​ផ្សាយ​សេចក្តី​សុចរិត នោះ​បាន​រង្វាន់​យ៉ាង​ជាប់‌លាប់។

19. ចំណែក​សេចក្តី​សុចរិត តែង​នាំ​ឲ្យ​បាន​ជីវិត តែ​អ្នក​ណា​ដែល​ដេញ​តាម​អំពើ​អាក្រក់ នោះ​រមែង​ធ្វើ​ឲ្យ​ខ្លួន​ស្លាប់​វិញ។

20. អ្នក​ណា​ដែល​មាន​ចិត្ត​វៀច នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​អ្នក​ណា​ដែល​គ្រប់​លក្ខណ៍​ក្នុង​ផ្លូវ​ខ្លួន​ប្រព្រឹត្ត នោះ​ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​វិញ។

21. ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​មនុស្ស​អាក្រក់​នឹង​មិន​រួច​ពី​ទោស​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​មាន​ជំនួយ​ជួយ​ឲ្យ​រួច។

22. ស្ត្រី​មាន​រូប​ស្រស់​ល្អ ដែល​ឥត​មាន​គំនិត​មារយាទ នោះ​ប្រៀប​ដូច​ជា​ក្រវិល​មាស​ដែល​ពាក់​នៅ​ច្រមុះ​ជ្រូក។

23. សេចក្តី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​សុចរិត នោះ​សុទ្ធ​តែ​ល្អ តែ​សេចក្តី​សង្ឃឹម​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​ខាង​សេចក្តី​ក្រេវ‌ក្រោធ​វិញ។

24. មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះ​តែ​ចំរើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួង‌ហែង​ហួស​ខ្នាត តែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។

25. មនុស្ស​ដែល​មាន​ចិត្ត​សទ្ធា នឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ។

26. ឯ​អ្នក​ណា​ដែល​បង្ខាំង​ទុក​អង្ករ បណ្តា‌ជន​នឹង​ប្រទេច​ផ្តាសា​អ្នក​នោះ តែ​នឹង​មាន​ពរ​ស្ថិត​នៅ​លើ​ក្បាល​នៃ​អ្នក​ណា​ដែល​លក់​ឲ្យ​វិញ។

សុភាសិត 11