សុភាសិត 10:4-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. អ្នក​ណា​ដែល​ធ្វើ​ការ​ដោយ​ដៃ​ខ្ជិល​ច្រអូស នោះ​រមែង​ធ្លាក់​ខ្លួន​ជា​ក្រ តែ​ដៃ​មនុស្ស​ដែល​ឧស្សាហ៍ នាំ​ឲ្យ​មាន​វិញ។

5. ចំណែក​អ្នក​ណា​ដែល​ខំ​ប្រឹង​ប្រមូល​ទុក​នៅ​ក្នុង​រដូវ​ក្តៅ នោះ​ឯង​ជា​កូន​ដែល​មាន​គំនិត តែ​ឯ​អ្នក​ណា​ដែល​រវល់​តែ​ដេក​នៅ​រដូវ​ចំរូត​វិញ នោះ​គឺ​ជា​កូន​ដែល​នាំ​ឲ្យ​មាន​សេចក្តី​ខ្មាស។

6. អំណោយ​ពរ រមែង​ស្ថិត​លើ​ក្បាល​នៃ​មនុស្ស​សុចរិត តែ​សេចក្តី​ច្រឡោត តែង​ខ្ទប់​មាត់​របស់​មនុស្ស​អាក្រក់​វិញ។

7. សេចក្តី​នឹក​ចាំ​ពី​មនុស្ស​សុចរិត នោះ​នាំ​ឲ្យ​មាន​ពរ តែ​ឈ្មោះ​របស់​មនុស្ស​អាក្រក់ រមែង​ពុក‌រលួយ​ទៅ។

8. អ្នក​ដែល​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នោះ​តែង​ទទួល​បង្គាប់ តែ​មនុស្ស​ល្ងី‌ល្ងើ​ដែល​មាន​មាត់​រពឹស នោះ​នឹង​ត្រូវ​ដួល​វិញ។

9. អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នោះ​ក៏​ដើរ​ដោយ​ទុក​ចិត្ត តែ​អ្នក​ណា​ដែល​បង្ខូច​ផ្លូវ​ខ្លួន នោះ​មនុស្ស​ទាំង‌ឡាយ​នឹង​ស្គាល់​គេ​ច្បាស់​ដែរ។

10. អ្នក​ណា​ដែល​មិច​ភ្នែក នោះ​រមែង​នាំ​ឲ្យ​កើត​ទុក្ខ ហើយ​មនុស្ស​ល្ងី‌ល្ងើ​ដែល​មាន​មាត់​រពឹស នោះ​ក៏​នឹង​ត្រូវ​ដួល​ចុះ។

11. មាត់​នៃ​មនុស្ស​សុចរិត ជា​អណ្តូង​ជីវិត តែ​សេចក្តី​ច្រឡោត តែង​ខ្ទប់​មាត់​របស់​មនុស្ស​អាក្រក់។

12. ឯ​សេចក្តី​សំអប់ នោះ​បណ្តាល​ឲ្យ​កើត​មាន​ហេតុ​ទាស់‌ទែង​គ្នា តែ​សេចក្តី​ស្រឡាញ់ តែង​គ្រប​បាំង​អស់​ទាំង​អំពើ​កំហុស។

13. នៅ​បបូរ​មាត់​របស់​មនុស្ស​មាន​យោបល់ នោះ​ឃើញ​មាន​ប្រាជ្ញា តែ​មាន​រំពាត់​សំរាប់​ខ្នង​នៃ​មនុស្ស​ណា​ដែល​ឥត​មាន​ដំរិះ​វិញ។

14. មនុស្ស​ប្រាជ្ញ តែង​ប្រមូល​ចំណេះ​ទុក តែ​ឯ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្តី​ហិន‌វិនាស​ដែល​នៅ​បង្កើយ​វិញ។

15. ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន ជា​ទី​ក្រុង​មាំ‌មួន​ដល់​គេ សេចក្តី​ហិន‌វិនាស​របស់​មនុស្ស​ក្រ គឺ​ជា​សេចក្តី​ទាល់​ក្រ​របស់​គេ។

16. កិច្ច‌ការ​ដែល​មនុស្ស​សុចរិត​ធ្វើ នោះ​គឺ​សំរាប់​ចិញ្ចឹម​ជីវិត តែ​ផល​របស់​មនុស្ស​អាក្រក់ សំរាប់​តែ​ធ្វើ​បាប​វិញ។

សុភាសិត 10