សុភាសិត 10:17-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្តី​ប្រៀន‌ប្រដៅ នោះ​ឈ្មោះ​ថា ដើរ​ក្នុង​ផ្លូវ​នៃ​ជីវិត​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​សេចក្តី​បន្ទោស នោះ​ហៅ​ថា វង្វេង​វិញ។

18. អ្នក​ណា​ដែល​លាក់​សេចក្តី​សំអប់​ទុក នោះ​គឺ​ជា​អ្នក​មាន​បបូរ​មាត់​កុហក ហើយ​អ្នក​ណា​ដែល​និយាយ​ដើម​គេ នោះ​ជា​មនុស្ស​ល្ងី‌ល្ងើ។

19. អ្នក​ណា​ដែល​និយាយ​ច្រើន នោះ​មិន​ខាន​នឹង​មាន​បាប​ឡើយ តែ​អ្នក​ណា​ដែល​ឃាត់​ទប់​បបូរ​មាត់​វិញ នោះ​ជា​មនុស្ស​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា។

20. អណ្តាត​របស់​មនុស្ស​សុចរិត ប្រៀប​បី​ដូច​ជា​ប្រាក់​វិសេស​បំផុត តែ​ចិត្ត​របស់​មនុស្ស​អាក្រក់ រមែង​មាន​ដំឡៃ​តិច​ណាស់។

21. បបូរ​មាត់​របស់​មនុស្ស​សុចរិត ឃ្វាល​រក្សា​មនុស្ស​ជា​ច្រើន តែ​មនុស្ស​ល្ងី‌ល្ងើ គេ​ស្លាប់​បាត់​ទៅ ដោយ​ខ្វះ​យោបល់​វិញ។

22. អំណោយ​ពរ​នៃ​ព្រះ‌យេហូវ៉ា នោះ​ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ទ្រង់​មិន​បន្ថែម​សេចក្តី​ទុក្ខ​ព្រួយ​ផង​ទេ។

សុភាសិត 10