12. ឯសេចក្តីសំអប់ នោះបណ្តាលឲ្យកើតមានហេតុទាស់ទែងគ្នា តែសេចក្តីស្រឡាញ់ តែងគ្របបាំងអស់ទាំងអំពើកំហុស។
13. នៅបបូរមាត់របស់មនុស្សមានយោបល់ នោះឃើញមានប្រាជ្ញា តែមានរំពាត់សំរាប់ខ្នងនៃមនុស្សណាដែលឥតមានដំរិះវិញ។
14. មនុស្សប្រាជ្ញ តែងប្រមូលចំណេះទុក តែឯមាត់របស់មនុស្សល្ងីល្ងើ នោះជាសេចក្តីហិនវិនាសដែលនៅបង្កើយវិញ។
15. ទ្រព្យសម្បត្តិរបស់អ្នកមាន ជាទីក្រុងមាំមួនដល់គេ សេចក្តីហិនវិនាសរបស់មនុស្សក្រ គឺជាសេចក្តីទាល់ក្ររបស់គេ។
16. កិច្ចការដែលមនុស្សសុចរិតធ្វើ នោះគឺសំរាប់ចិញ្ចឹមជីវិត តែផលរបស់មនុស្សអាក្រក់ សំរាប់តែធ្វើបាបវិញ។
17. អ្នកណាដែលស្តាប់តាមសេចក្តីប្រៀនប្រដៅ នោះឈ្មោះថា ដើរក្នុងផ្លូវនៃជីវិតហើយ តែអ្នកណាដែលមិនព្រមទទួលសេចក្តីបន្ទោស នោះហៅថា វង្វេងវិញ។
18. អ្នកណាដែលលាក់សេចក្តីសំអប់ទុក នោះគឺជាអ្នកមានបបូរមាត់កុហក ហើយអ្នកណាដែលនិយាយដើមគេ នោះជាមនុស្សល្ងីល្ងើ។
19. អ្នកណាដែលនិយាយច្រើន នោះមិនខាននឹងមានបាបឡើយ តែអ្នកណាដែលឃាត់ទប់បបូរមាត់វិញ នោះជាមនុស្សប្រព្រឹត្តដោយប្រាជ្ញា។
20. អណ្តាតរបស់មនុស្សសុចរិត ប្រៀបបីដូចជាប្រាក់វិសេសបំផុត តែចិត្តរបស់មនុស្សអាក្រក់ រមែងមានដំឡៃតិចណាស់។
21. បបូរមាត់របស់មនុស្សសុចរិត ឃ្វាលរក្សាមនុស្សជាច្រើន តែមនុស្សល្ងីល្ងើ គេស្លាប់បាត់ទៅ ដោយខ្វះយោបល់វិញ។
22. អំណោយពរនៃព្រះយេហូវ៉ា នោះធ្វើឲ្យទៅជាមាន ហើយទ្រង់មិនបន្ថែមសេចក្តីទុក្ខព្រួយផងទេ។
23. ឯការដែលមនុស្សល្ងីល្ងើប្រព្រឹត្តអាក្រក់ នោះដូចជាល្បែងលេងសប្បាយដល់គេ តែមនុស្សដែលមានដំរិះយោបល់ នោះចូលចិត្តនឹងប្រាជ្ញាវិញ។
24. សេចក្តីដែលមនុស្សអាក្រក់ភ័យខ្លាច នោះនឹងកើតឡើងដល់គេជាពិត ហើយសេចក្តីដែលមនុស្សសុចរិតប្រាថ្នាចង់បាន នោះនឹងបានបើកឲ្យដែរ។
25. កាលណាខ្យល់កួចហួសបាត់ទៅ នោះមនុស្សអាក្រក់ឥតមានសល់ឡើយ តែមនុស្សសុចរិត មានឫសដ៏ស្ថិតស្ថេរនៅអស់កល្បវិញ។
26. ទឹកខ្មេះដល់ធ្មេញ ហើយផ្សែងដល់ភ្នែក នោះជាយ៉ាងណា ឯមនុស្សខ្ជិលច្រអូស ក៏យ៉ាងនោះដល់អ្នកណាដែលប្រើវាដែរ។
27. សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះចំរើនថ្ងៃអាយុ តែអស់ទាំងឆ្នាំនៃអាយុរបស់មនុស្សអាក្រក់ នឹងត្រូវរួញខ្លីវិញ។