សុភាសិត 10:11-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. មាត់​នៃ​មនុស្ស​សុចរិត ជា​អណ្តូង​ជីវិត តែ​សេចក្តី​ច្រឡោត តែង​ខ្ទប់​មាត់​របស់​មនុស្ស​អាក្រក់។

12. ឯ​សេចក្តី​សំអប់ នោះ​បណ្តាល​ឲ្យ​កើត​មាន​ហេតុ​ទាស់‌ទែង​គ្នា តែ​សេចក្តី​ស្រឡាញ់ តែង​គ្រប​បាំង​អស់​ទាំង​អំពើ​កំហុស។

13. នៅ​បបូរ​មាត់​របស់​មនុស្ស​មាន​យោបល់ នោះ​ឃើញ​មាន​ប្រាជ្ញា តែ​មាន​រំពាត់​សំរាប់​ខ្នង​នៃ​មនុស្ស​ណា​ដែល​ឥត​មាន​ដំរិះ​វិញ។

14. មនុស្ស​ប្រាជ្ញ តែង​ប្រមូល​ចំណេះ​ទុក តែ​ឯ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្តី​ហិន‌វិនាស​ដែល​នៅ​បង្កើយ​វិញ។

15. ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន ជា​ទី​ក្រុង​មាំ‌មួន​ដល់​គេ សេចក្តី​ហិន‌វិនាស​របស់​មនុស្ស​ក្រ គឺ​ជា​សេចក្តី​ទាល់​ក្រ​របស់​គេ។

16. កិច្ច‌ការ​ដែល​មនុស្ស​សុចរិត​ធ្វើ នោះ​គឺ​សំរាប់​ចិញ្ចឹម​ជីវិត តែ​ផល​របស់​មនុស្ស​អាក្រក់ សំរាប់​តែ​ធ្វើ​បាប​វិញ។

17. អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្តី​ប្រៀន‌ប្រដៅ នោះ​ឈ្មោះ​ថា ដើរ​ក្នុង​ផ្លូវ​នៃ​ជីវិត​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​សេចក្តី​បន្ទោស នោះ​ហៅ​ថា វង្វេង​វិញ។

18. អ្នក​ណា​ដែល​លាក់​សេចក្តី​សំអប់​ទុក នោះ​គឺ​ជា​អ្នក​មាន​បបូរ​មាត់​កុហក ហើយ​អ្នក​ណា​ដែល​និយាយ​ដើម​គេ នោះ​ជា​មនុស្ស​ល្ងី‌ល្ងើ។

19. អ្នក​ណា​ដែល​និយាយ​ច្រើន នោះ​មិន​ខាន​នឹង​មាន​បាប​ឡើយ តែ​អ្នក​ណា​ដែល​ឃាត់​ទប់​បបូរ​មាត់​វិញ នោះ​ជា​មនុស្ស​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា។

20. អណ្តាត​របស់​មនុស្ស​សុចរិត ប្រៀប​បី​ដូច​ជា​ប្រាក់​វិសេស​បំផុត តែ​ចិត្ត​របស់​មនុស្ស​អាក្រក់ រមែង​មាន​ដំឡៃ​តិច​ណាស់។

21. បបូរ​មាត់​របស់​មនុស្ស​សុចរិត ឃ្វាល​រក្សា​មនុស្ស​ជា​ច្រើន តែ​មនុស្ស​ល្ងី‌ល្ងើ គេ​ស្លាប់​បាត់​ទៅ ដោយ​ខ្វះ​យោបល់​វិញ។

22. អំណោយ​ពរ​នៃ​ព្រះ‌យេហូវ៉ា នោះ​ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ទ្រង់​មិន​បន្ថែម​សេចក្តី​ទុក្ខ​ព្រួយ​ផង​ទេ។

23. ឯ​ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​ប្រព្រឹត្ត​អាក្រក់ នោះ​ដូច​ជា​ល្បែង​លេង​សប្បាយ​ដល់​គេ តែ​មនុស្ស​ដែល​មាន​ដំរិះ​យោបល់ នោះ​ចូល​ចិត្ត​នឹង​ប្រាជ្ញា​វិញ។

សុភាសិត 10