7. សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃដំរិះ តែមនុស្សឥតបើគិត គេមើលងាយប្រាជ្ញា និងសេចក្តីប្រៀនប្រដៅវិញ។
8. នែ កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅរបស់ឪពុកចុះ កុំឲ្យកូនបោះបង់ចោលសេចក្តីដំបូន្មានរបស់ម្តាយឯងឡើយ
9. ដ្បិតសេចក្តីនោះនឹងបានជាគុណពាក់លើក្បាលឯង ទុកជាគ្រឿងលំអ ហើយជាខ្សែប្រដាប់ពាក់នៅកឯង
10. កូនអើយ បើមនុស្សមានបាបបបួលនាំឯង នោះកុំឲ្យព្រមតាមគេឡើយ
11. បើគេថាចូរមកជាមួយនឹងយើងចុះ យើងនឹងរង់ចាំឱកាសកំចាយឈាម យើងនឹងអែបលបដោយសំងាត់ ដើម្បីចាប់មនុស្សដែលឥតទោសដោយឥតហេតុ
12. យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ
13. យើងនឹងបានប្រទះរបស់មានដំឡៃគ្រប់យ៉ាង ក៏នឹងបំពេញលំនៅយើងដោយរបឹប
14. ចូរឯងចូលមកក្នុងពួកយើងចុះ យើងនឹងមានថង់ប្រាក់តែ១ប៉ុណ្ណោះ
15. កូនអើយ កុំឲ្យឯងដើរក្នុងផ្លូវជាមួយនឹងគេឡើយ ត្រូវឲ្យឃាត់ឃាំងជើងឯងមិនឲ្យចូលទៅក្នុងផ្លូវច្រករបស់គេវិញ
16. ដ្បិតជើងគេរត់តាមតែសេចក្តីអាក្រក់ទេ គេក៏រហ័សនឹងកំចាយឈាមផង
17. ពីព្រោះការដែលដាក់លប់ នៅចំពោះសត្វហើរ ឲ្យវាឃើញនោះឥតប្រយោជន៍ទេ
18. ឯពួកនោះ គេរង់ចាំតែនឹងកំចាយឈាមរបស់ខ្លួនគេ ហើយក៏អែបលបដោយសំងាត់ ដើម្បីតែនឹងបំផ្លាញជីវិតខ្លួនគេវិញ
19. ចំណែកអស់អ្នកដែលលោភចង់បានកំរៃក៏យ៉ាងនោះដែរ សេចក្តីនោះនឹងដកយកជីវិតចេញពីអស់អ្នកដែលបណ្តោយតាមផង។