សុភាសិត 1:2-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. សំរាប់​ឲ្យ​បាន​ស្គាល់​ប្រាជ្ញា និង​សេចក្តី​ប្រៀន‌ប្រដៅ ហើយ​ឲ្យ​បាន​យល់​អស់​ទាំង​សេចក្តី​ដែល​ត្រូវ​ខាង​យោបល់

3. ក៏​សំរាប់​ឲ្យ​ទទួល​សេចក្តី​បង្រៀន​នៃ​គំនិត​ត្រឹម​ត្រូវ​នៃ​សេចក្តី​សុចរិត សេចក្តី​យុត្តិ‌ធម៌ និង​សេចក្តី​ទៀង​ត្រង់

4. ហើយ​សំរាប់​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​សេចក្តី​ឆ្លៀវ‌ឆ្លាត និង​ឲ្យ​មនុស្ស​កំឡោះ​មាន​ដំរិះ ហើយ​នឹង​សតិ‌បញ្ញា​នឹង‌ធឹង

5. ប្រយោជន៍​ឲ្យ​មនុស្ស​ប្រាជ្ញ​បាន​ស្តាប់ ហើយ​ចំរើន​ចំណេះ​ឡើង ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់​បាន​ដឹង​ដល់​សេចក្តី​ទូន្មាន​មាំ‌ទាំ

6. ព្រម​ទាំង​ឲ្យ​បាន​យល់​ពាក្យ​សុភាសិត និង​ប្រស្នា អស់​ទាំង​ពាក្យ​របស់​អ្នក​ប្រាជ្ញ និង​ពាក្យ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ផង។

7. សេចក្តី​កោត‌​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​ដើម​ចម​នៃ​ដំរិះ តែ​មនុស្ស​ឥត​បើ​គិត គេ​មើល‌ងាយ​ប្រាជ្ញា និង​សេចក្តី​ប្រៀន‌ប្រដៅ​វិញ។

8. នែ កូន​អើយ ចូរ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ចុះ កុំ​ឲ្យ​កូន​បោះ‌បង់​ចោល​សេចក្តី​ដំបូន្មាន​របស់​ម្តាយ​ឯង​ឡើយ

9. ដ្បិត​សេចក្តី​នោះ​នឹង​បាន​ជា​គុណ​ពាក់​លើ​ក្បាល​ឯង ទុក​ជា​គ្រឿង​លំអ ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​ឯង

10. កូន​អើយ បើ​មនុស្ស​មាន​បាប​បបួល​នាំ​ឯង នោះ​កុំ​ឲ្យ​ព្រម​តាម​គេ​ឡើយ

11. បើ​គេ​ថា​ចូរ​មក​ជា​មួយ​នឹង​យើង​ចុះ យើង​នឹង​រង់‌ចាំ​ឱកាស​កំចាយ​ឈាម យើង​នឹង​អែប​លប​ដោយ​សំងាត់ ដើម្បី​ចាប់​មនុស្ស​ដែល​ឥត​ទោស​ដោយ​ឥត​ហេតុ

12. យើង​នឹង​លេប​គេ​ទាំង​រស់ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទាំង​មូល​ផង ដូច​ជា​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ

13. យើង​នឹង​បាន​ប្រទះ​របស់​មាន​ដំឡៃ​គ្រប់​យ៉ាង ក៏​នឹង​បំពេញ​លំនៅ​យើង​ដោយ​របឹប

សុភាសិត 1