សុភាសិត 1:16-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ដ្បិត​ជើង​គេ​រត់​តាម​តែ​សេចក្តី​អាក្រក់​ទេ គេ​ក៏​រហ័ស​នឹង​កំចាយ​ឈាម​ផង

17. ពី​ព្រោះ​ការ​ដែល​ដាក់​លប់ នៅ​ចំពោះ​សត្វ​ហើរ ឲ្យ​វា​ឃើញ​នោះ​ឥត​ប្រយោជន៍​ទេ

18. ឯ​ពួក​នោះ គេ​រង់‌ចាំ​តែ​នឹង​កំចាយ​ឈាម​របស់​ខ្លួន​គេ ហើយ​ក៏​អែប​លប​ដោយ​សំងាត់ ដើម្បី​តែ​នឹង​បំផ្លាញ​ជីវិត​ខ្លួន​គេ​វិញ

19. ចំណែក​អស់​អ្នក​ដែល​លោភ​ចង់​បាន​កំរៃ​ក៏​យ៉ាង​នោះ​ដែរ សេចក្តី​នោះ​នឹង​ដក​យក​ជីវិត​ចេញ​ពី​អស់​អ្នក​ដែល​បណ្តោយ​តាម​ផង។

20. ប្រាជ្ញា​តែង​បន្លឺ​ឡើង​នៅ​ក្នុង​ផ្លូវ ក៏​បញ្ចេញ​សំឡេង​នៅ​ទី‌ធ្លា

21. ប្រាជ្ញា​ស្រែក​ប្រកាស​នៅ​ទី​ផ្លូវ​ប្រសព្វ​ទ្រហឹង‌អឺង‌កង និង​នៅ​មាត់​ទ្វារ​ក្រុង ឯ​នៅ​ខាង​ក្នុង​ទី​ក្រុង នោះ​ក៏​បញ្ចេញ​ពាក្យ​ថា

22. ឱ​មនុស្ស​ឆោត​ល្ងង់​អើយ តើ​នឹង​ស្រឡាញ់​សេចក្តី​ឆោត​ល្ងង់​នោះ​ដល់​កាល​ណា​ទៀត ឯ​ពួក​មនុស្ស​ចំអក គេ​នឹង​ចូល​ចិត្ត​ខាង​សេចក្តី​ឡក‌ឡឺយ ហើយ​មនុស្ស​កំឡៅ​នឹង​ចេះ​តែ​ស្អប់​ដល់​ការ​ចេះ​ដឹង​ដល់​កាល​ណា

23. កាល​ណា​អញ​បន្ទោស នោះ​ចូរ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ខ្លួន​ស្តាប់​តាម​ចុះ នែ អញ​នឹង​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ឯង​រាល់​គ្នា ហើយ​ឲ្យ​ឯង​រាល់​គ្នា​បាន​យល់​ពាក្យ​អញ

24. ពី​ព្រោះ​អញ​បាន​ស្រែក​ហៅ តែ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​ទេ អញ​បាន​ហុច​ដៃ​ទៅ តែ​ឥត​មាន​អ្នក​ណា​រវល់​សោះ

25. ឯង​រាល់​គ្នា​ក៏​បោះ‌បង់​ចោល​អស់​ទាំង​ដំបូន្មាន​របស់​អញ​ចេញ ហើយ​មិន​ព្រម​ទទួល​ពាក្យ​បន្ទោស​របស់​អញ​ដែរ

26. ដូច្នេះ អញ​នឹង​សើច​ដែរ ក្នុង​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​ត្រូវ​អន្តរាយ អញ​នឹង​ចំអក​ឲ្យ ក្នុង​កាល​ដែល​ឯង​រាល់​គ្នា​កើត​មាន​សេចក្តី​ភិត‌ភ័យ​ផង

27. គឺ​ក្នុង​កាល​ដែល​សេចក្តី​ភិត‌ភ័យ​មក​លើ​ឯង​រាល់​គ្នា ដូច​ជា​ព្យុះ​សង្ឃរា ហើយ​សេចក្តី​អន្តរាយ​របស់​ឯង​រាល់​គ្នា​មក ដូច​ជា​ខ្យល់​កួច ក្នុង​កាល​ដែល​សេចក្តី​លំបាក និង​សេចក្តី​ទុក្ខ​ព្រួយ​មក​គ្រប​សង្កត់​លើ​ឯង​រាល់​គ្នា

28. ខណៈ​នោះ គេ​នឹង​អំពាវ‌នាវ​ដល់​អញ តែ​អញ​មិន​ព្រម​ឆ្លើយ​សោះ គេ​នឹង​ស្វែង​រក​អញ​អស់​ពី​ចិត្ត តែ​គេ​នឹង​រក​អញ​មិន​ឃើញ​ឡើយ

29. ពី​ព្រោះ​គេ​បាន​ស្អប់​ការ​ចេះ​ដឹង​ហើយ​មិន​បាន​រើស​យក​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ទេ

30. គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ដំបូន្មាន​របស់​អញ​ឡើយ ក៏​បាន​មើល‌ងាយ​សេចក្តី​បន្ទោស​របស់​អញ​ដែរ

31. ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​គេ​ស៊ី​ផល​នៃ​ផ្លូវ​របស់​ខ្លួន​គេ​វិញ ហើយ​គេ​នឹង​បាន​ឆ្អែត​ដោយ​កិច្ច‌ការ​របស់​ខ្លួន

32. ដ្បិត​ឯ​ពួក​ឆោត​ល្ងង់​នោះ ការ​ថយ​ទៅ​វិញ​របស់​គេ​នឹង​សំឡាប់​គេ​ទៅ ហើយ​ចំណែក​មនុស្ស​កំឡៅ នោះ​សេចក្តី​សុខ​ស្រួល​របស់​គេ​នឹង​ឲ្យ​គេ​វិនាស​ដែរ

សុភាសិត 1