1. នេះជាសុភាសិតរបស់សាឡូម៉ូន ជាព្រះរាជបុត្រានៃដាវីឌ ស្តេចសាសន៍អ៊ីស្រាអែល
2. សំរាប់ឲ្យបានស្គាល់ប្រាជ្ញា និងសេចក្តីប្រៀនប្រដៅ ហើយឲ្យបានយល់អស់ទាំងសេចក្តីដែលត្រូវខាងយោបល់
3. ក៏សំរាប់ឲ្យទទួលសេចក្តីបង្រៀននៃគំនិតត្រឹមត្រូវនៃសេចក្តីសុចរិត សេចក្តីយុត្តិធម៌ និងសេចក្តីទៀងត្រង់
4. ហើយសំរាប់ឲ្យមនុស្សឆោតល្ងង់មានសេចក្តីឆ្លៀវឆ្លាត និងឲ្យមនុស្សកំឡោះមានដំរិះ ហើយនឹងសតិបញ្ញានឹងធឹង
5. ប្រយោជន៍ឲ្យមនុស្សប្រាជ្ញបានស្តាប់ ហើយចំរើនចំណេះឡើង ឲ្យអ្នកណាដែលមានយោបល់បានដឹងដល់សេចក្តីទូន្មានមាំទាំ
6. ព្រមទាំងឲ្យបានយល់ពាក្យសុភាសិត និងប្រស្នា អស់ទាំងពាក្យរបស់អ្នកប្រាជ្ញ និងពាក្យអាថ៌កំបាំងទាំងប៉ុន្មានផង។
7. សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃដំរិះ តែមនុស្សឥតបើគិត គេមើលងាយប្រាជ្ញា និងសេចក្តីប្រៀនប្រដៅវិញ។
8. នែ កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅរបស់ឪពុកចុះ កុំឲ្យកូនបោះបង់ចោលសេចក្តីដំបូន្មានរបស់ម្តាយឯងឡើយ
9. ដ្បិតសេចក្តីនោះនឹងបានជាគុណពាក់លើក្បាលឯង ទុកជាគ្រឿងលំអ ហើយជាខ្សែប្រដាប់ពាក់នៅកឯង
10. កូនអើយ បើមនុស្សមានបាបបបួលនាំឯង នោះកុំឲ្យព្រមតាមគេឡើយ
11. បើគេថាចូរមកជាមួយនឹងយើងចុះ យើងនឹងរង់ចាំឱកាសកំចាយឈាម យើងនឹងអែបលបដោយសំងាត់ ដើម្បីចាប់មនុស្សដែលឥតទោសដោយឥតហេតុ
12. យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ
13. យើងនឹងបានប្រទះរបស់មានដំឡៃគ្រប់យ៉ាង ក៏នឹងបំពេញលំនៅយើងដោយរបឹប
14. ចូរឯងចូលមកក្នុងពួកយើងចុះ យើងនឹងមានថង់ប្រាក់តែ១ប៉ុណ្ណោះ
15. កូនអើយ កុំឲ្យឯងដើរក្នុងផ្លូវជាមួយនឹងគេឡើយ ត្រូវឲ្យឃាត់ឃាំងជើងឯងមិនឲ្យចូលទៅក្នុងផ្លូវច្រករបស់គេវិញ