1. តើមានអ្នកណាដូចអ្នកប្រាជ្ញ តើអ្នកណាចេះកាត់ស្រាយន័យសេចក្ដីអ្វីៗ ប្រាជ្ញារបស់មនុស្សរមែងធ្វើឲ្យទឹកមុខគេផូរផង់ឡើង ហើយទឹកមុខរឹងរបស់គេក៏ផ្លាស់ប្រែទៅ
2. យើងសូមរំឭកថា ចូរប្រព្រឹត្តតាមបង្គាប់នៃស្តេចចុះ នោះគឺដោយយល់ដល់សម្បថ ដែលខ្លួនបានស្បថដល់ព្រះផង
3. កុំឲ្យប្រញាប់នឹងថយចេញពីចំពោះស្តេចឡើយ ក៏កុំឲ្យស្អិតចិត្តក្នុងអំពើអាក្រក់ណាដែរ ដ្បិតស្តេចទ្រង់ធ្វើតាមតែព្រះទ័យទ្រង់
4. ពីព្រោះព្រះបន្ទូលនៃស្តេចមានឫទ្ធិអំណាច តើមានអ្នកណាហ៊ានទូលដល់ទ្រង់ថា តើទ្រង់ធ្វើអីនោះ
5. អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់ នោះនឹងមិនស្គាល់ការអាក្រក់ណាឡើយ ១ទៀត ចិត្តរបស់មនុស្សមានប្រាជ្ញារមែងយល់ពេលដែលស្រួល និងសេចក្ដីវិនិច្ឆ័យ
6. ក៏មានពេលវេលា និងសេចក្ដីវិនិច្ឆ័យ សំរាប់គ្រប់ការទាំងអស់ ពីព្រោះសេចក្ដីអាក្រក់របស់មនុស្សតែងតែសង្កត់លើខ្លួនគេជាធ្ងន់
7. ដ្បិតគេមិនដឹងជានឹងកើតមានអ្វីទេ តើអ្នកណានឹងប្រាប់ឲ្យគេដឹងជានឹងកើតមានអ្វីបាន
8. គ្មានអ្នកណាមានអំណាចត្រួតលើវិញ្ញាណ ដើម្បីនឹងឃាត់វិញ្ញាណបានទេ ក៏គ្មានអ្នកណាមានអំណាចលើថ្ងៃមរណៈដែរ គ្មានផ្លូវនឹងគេចរួចចេញពីចំបាំងទេ ហើយសេចក្ដីអាក្រក់ក៏មិនជួយឲ្យអ្នកណា ដែលប្រគល់ខ្លួនទៅឲ្យប្រព្រឹត្តតាម បានរួចដែរ។
9. បណ្តាការទាំងនេះយើងបានឃើញអស់ហើយ ក៏បានផ្ចង់ចិត្តចំពោះគ្រប់ទាំងការដែលកើតមាននៅក្រោមថ្ងៃ មានគ្រាដែលមនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា
10. តាមដំណើរនោះ យើងបានឃើញគេហែខ្មោចមនុស្សអាក្រក់ទៅកប់ តែចំណែកពួកអ្នកត្រឹមត្រូវវិញ គេបាត់ចេញពីទីបរិសុទ្ធ ហើយមនុស្សនៅក្នុងទីក្រុងក៏ភ្លេចគេទៅ នេះក៏ជាការឥតមានទំនងដែរ
11. ចិត្តរបស់ពួកមនុស្សជាតិបានផ្តាច់ទៅ ឲ្យប្រព្រឹត្តតាមអំពើអាក្រក់ជានិច្ច ដោយព្រោះតែការធ្វើទោស ចំពោះអំពើអាក្រក់ មិនបានសំរេចជាយ៉ាងឆាប់
12. ទោះបើមនុស្សមានបាបប្រព្រឹត្តអំពើអាក្រក់ដល់ទៅ១០០ដង ហើយចំរើនអាយុយឺនយូរក៏ដោយ គង់តែយើងដឹងថា ពួកអ្នកដែលកោតខ្លាចដល់ព្រះ គឺដែលកោតខ្លាចនៅចំពោះទ្រង់ គេនឹងមានសេចក្ដីសុខស្រួលវិញ
13. តែមិនបានសេចក្ដីសុខស្រួល ដល់មនុស្សអាក្រក់ទេ ឯអាយុគេ ដែលធៀបដូចជាស្រមោល នោះក៏មិនបានយឺនយូរដែរ ពីព្រោះគេមិនកោតខ្លាចដល់ព្រះឡើយ។