5. ឯការដែលស្តាប់ពាក្យបន្ទោសនៃមនុស្សមានប្រាជ្ញានោះវិសេសដល់មនុស្ស ជាជាងស្តាប់បទចំរៀងរបស់ពួកល្ងីល្ងើ
6. ដ្បិតសំណើចរបស់មនុស្សល្ងីល្ងើ នោះឮដូចជាសូរគុកគឹក ពីបន្លាដែលឆេះក្រោមឆ្នាំង នេះក៏ជាការឥតប្រយោជន៍ទទេ
7. ពិតប្រាកដជាការសង្កត់សង្កិនរមែងបណ្តាលឲ្យមនុស្សដែលមានប្រាជ្ញា ទៅជាក្រឡកចិត្តវិញ ហើយសំណូកក៏បង្ខូចគំនិតផង។
8. ការបង្ហើយអ្វីៗ នោះវិសេសជាងចាប់ផ្តើមការទៅទៀត ហើយដែលមានចិត្តអត់ធ្មត់ នោះវិសេសជាងមានចិត្តអំនួតដែរ
9. កុំឲ្យមានចិត្តរហ័សខឹងឡើយ ដ្បិតសេចក្ដីកំហឹងរមែងនៅក្នុងទ្រូងរបស់មនុស្សល្ងីល្ងើទេ
10. កុំឲ្យសួរថា ហេតុអ្វីបានជាសម័យជាន់មុនល្អជាងសម័យសព្វថ្ងៃនេះ ដ្បិតដែលសួរដូច្នេះ នោះមិនមែនដោយប្រាជ្ញាទេ។
11. ឯប្រាជ្ញានោះល្អស្មើនឹងមរដក អើ ក៏វិសេសជាងដល់ពួកអ្នកដែលឃើញពន្លឺថ្ងៃផង
12. ដ្បិតប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែការដែលវិសេសជាងខាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិតរបស់ពួកអ្នកប្រាជ្ញឲ្យគង់នៅ
13. ចូរពិចារណាស្នាដៃរបស់ព្រះ ដ្បិតរបស់អ្វីដែលទ្រង់បានធ្វើឲ្យក្ងិចក្ងក់ នោះតើអ្នកណាអាចនឹងធ្វើឲ្យត្រង់វិញបាន
14. នៅគ្រាដែលមានសេចក្ដីចំរើន នោះចូរឲ្យមានចិត្តអរសប្បាយចុះ ហើយនៅគ្រាក្រក្រី នោះចូរពិចារណាវិញ អើ ព្រះទ្រង់បានដាក់ទាំង២នោះនៅទន្ទឹមគ្នា ប្រយោជន៍ឲ្យមនុស្សស្វែងរក ឲ្យយល់មិនបានចំពោះការដែលកើតមកខាងក្រោយ។
15. ក្នុងអាយុឥតប្រយោជន៍របស់យើង នោះយើងបានឃើញសេចក្ដីទាំងនេះ គឺថាមានមនុស្សសុចរិតដែលវិនាសទៅក្នុងសេចក្ដីសុចរិតរបស់ខ្លួន ហើយក៏មានមនុស្សអាក្រក់ដែលមានជីវិតចំរើននៅយូរ ក្នុងអំពើអាក្រក់របស់ខ្លួនដែរ
16. ដូច្នេះ កុំឲ្យប្រព្រឹត្តជាមនុស្សសុចរិតហួសល្បត់ឡើយ ក៏កុំឲ្យធ្វើខ្លួនឲ្យមានប្រាជ្ញាលើសលន់ដែរ តើចង់បំផ្លាញខ្លួនធ្វើអី
17. ម្យ៉ាងទៀត កុំឲ្យប្រព្រឹត្តអាក្រក់ហួសល្បត់ ក៏កុំឲ្យល្ងីល្ងើពេកដែរ ឯងចង់ស្លាប់មុនកំណត់ធ្វើអី
18. ល្អណាស់ហើយ បើឯងចាប់យកសេចក្ដី១នេះ ហើយកុំឲ្យដកដៃពីសេចក្ដី១នោះផង ដ្បិតអ្នកណាដែលកោតខ្លាចដល់ព្រះ នឹងចៀសចេញរួចពីសេចក្ដីទាំងនេះបាន។