13. ចូរពិចារណាស្នាដៃរបស់ព្រះ ដ្បិតរបស់អ្វីដែលទ្រង់បានធ្វើឲ្យក្ងិចក្ងក់ នោះតើអ្នកណាអាចនឹងធ្វើឲ្យត្រង់វិញបាន
14. នៅគ្រាដែលមានសេចក្ដីចំរើន នោះចូរឲ្យមានចិត្តអរសប្បាយចុះ ហើយនៅគ្រាក្រក្រី នោះចូរពិចារណាវិញ អើ ព្រះទ្រង់បានដាក់ទាំង២នោះនៅទន្ទឹមគ្នា ប្រយោជន៍ឲ្យមនុស្សស្វែងរក ឲ្យយល់មិនបានចំពោះការដែលកើតមកខាងក្រោយ។
15. ក្នុងអាយុឥតប្រយោជន៍របស់យើង នោះយើងបានឃើញសេចក្ដីទាំងនេះ គឺថាមានមនុស្សសុចរិតដែលវិនាសទៅក្នុងសេចក្ដីសុចរិតរបស់ខ្លួន ហើយក៏មានមនុស្សអាក្រក់ដែលមានជីវិតចំរើននៅយូរ ក្នុងអំពើអាក្រក់របស់ខ្លួនដែរ
16. ដូច្នេះ កុំឲ្យប្រព្រឹត្តជាមនុស្សសុចរិតហួសល្បត់ឡើយ ក៏កុំឲ្យធ្វើខ្លួនឲ្យមានប្រាជ្ញាលើសលន់ដែរ តើចង់បំផ្លាញខ្លួនធ្វើអី
17. ម្យ៉ាងទៀត កុំឲ្យប្រព្រឹត្តអាក្រក់ហួសល្បត់ ក៏កុំឲ្យល្ងីល្ងើពេកដែរ ឯងចង់ស្លាប់មុនកំណត់ធ្វើអី
18. ល្អណាស់ហើយ បើឯងចាប់យកសេចក្ដី១នេះ ហើយកុំឲ្យដកដៃពីសេចក្ដី១នោះផង ដ្បិតអ្នកណាដែលកោតខ្លាចដល់ព្រះ នឹងចៀសចេញរួចពីសេចក្ដីទាំងនេះបាន។
19. ប្រាជ្ញារមែងជាកំឡាំងដល់មនុស្សប្រាជ្ញ ជាជាងអ្នកគ្រប់គ្រង១០នាក់ដែលនៅក្នុងទីក្រុង១
20. ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបឡើយនោះទេ
21. ១ទៀតកុំឲ្យយកចិត្តទុកដាក់ចំពោះពាក្យទាំងអស់ដែលគេពោលឡើយ ក្រែងឯងឮបាវបំរើជេរដល់ឯង
22. ដ្បិតចិត្តឯងក៏ដឹងហើយថា ឯងបានជេរគេដូច្នោះជាច្រើនដងដែរ។
23. យើងបានលមើល ឲ្យដឹងសេចក្ដីទាំងនេះច្បាស់ដោយប្រាជ្ញាហើយ យើងបានសំរេចថា យើងនឹងបានប្រាជ្ញា ប៉ុន្តែប្រាជ្ញាបាននៅឆ្ងាយពីយើងទេ
24. ប្រាជ្ញាដែលមានទាំងប៉ុន្មាន នោះនៅឆ្ងាយ ហើយក៏ជ្រៅណាស់ផង តើនរណាអាចស្ទង់យល់បាន
25. ដូច្នេះ យើងក៏វិលមកផ្ចង់ចិត្តឲ្យបានដឹង ឲ្យស្វះស្វែង ហើយសួររកប្រាជ្ញា និងហេតុការផ្សេងៗ ហើយឲ្យបានដឹងថា អំពើអាក្រក់ជាសេចក្ដីល្ងីល្ងើ ហើយថា សេចក្ដីល្ងីល្ងើនោះជាសេចក្ដីចំកួតផង