សាស្តា 7:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នាម​ឈ្មោះ​ល្អ នោះ​វិសេស​ជាង​ប្រេង​ក្រអូប​ដ៏​មាន​ដំឡៃ ហើយ​ថ្ងៃ​មរណៈ​ក៏​វិសេស​ជាង​ថ្ងៃ​កើត​ដែរ

2. ស៊ូ​ទៅ​ឯ​ផ្ទះ​ដែល​មាន​ការ​កាន់​ទុក្ខ ជា​ជាង​ទៅ​ឯ​ផ្ទះ​ដែល​មាន​ការ​ជប់‌លៀង ដ្បិត​មរណ‌ភាព​ជា​ចុង​បំផុត​របស់​មនុស្ស​ទាំង‌ឡាយ ហើយ​មនុស្ស​ដែល​នៅ​រស់ នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​នោះ

3. សេចក្ដី​សោយ‌សោក​មាន​ប្រយោជន៍​ជាង​សេចក្ដី​សំណើច ដ្បិត​ទឹក​មុខ​ព្រួយ​រមែង​បណ្តាល​ឲ្យ​ចិត្ត សប្បាយ​ឡើង

4. ដូច្នេះ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​នោះ​តែង‌តែ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សោយ‌សោក តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សប្បាយ​រីក‌រាយ​វិញ។

5. ឯ​ការ​ដែល​ស្តាប់​ពាក្យ​បន្ទោស​នៃ​មនុស្ស​មាន​ប្រាជ្ញា​នោះ​វិសេស​ដល់​មនុស្ស ជា​ជាង​ស្តាប់​បទ​ចំរៀង​របស់​ពួក​ល្ងី‌ល្ងើ

6. ដ្បិត​សំណើច​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ឮ​ដូច​ជា​សូរ​គុក‌គឹក ពី​បន្លា​ដែល​ឆេះ​ក្រោម​ឆ្នាំង នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ទទេ

7. ពិត​ប្រាកដ​ជា​ការ​សង្កត់‌សង្កិន​រមែង​បណ្តាល​ឲ្យ​មនុស្ស​ដែល​មាន​ប្រាជ្ញា ទៅ​ជា​ក្រឡក​ចិត្ត​វិញ ហើយ​សំណូក​ក៏​បង្ខូច​គំនិត​ផង។

8. ការ​បង្ហើយ​អ្វីៗ នោះ​វិសេស​ជាង​ចាប់​ផ្តើម​ការ​ទៅ​ទៀត ហើយ​ដែល​មាន​ចិត្ត​អត់‌ធ្មត់ នោះ​វិសេស​ជាង​មាន​ចិត្ត​អំនួត​ដែរ

9. កុំ​ឲ្យ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង​របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ

10. កុំ​ឲ្យ​សួរ​ថា ហេតុ​អ្វី​បាន​ជា​សម័យ​ជាន់​មុន​ល្អ​ជាង​សម័យ​សព្វ​ថ្ងៃ​នេះ ដ្បិត​ដែល​សួរ​ដូច្នេះ នោះ​មិន​មែន​ដោយ​ប្រាជ្ញា​ទេ។

11. ឯ​ប្រាជ្ញា​នោះ​ល្អ​ស្មើ​នឹង​មរដក អើ ក៏​វិសេស​ជាង​ដល់​ពួក​អ្នក​ដែល​ឃើញ​ពន្លឺ​ថ្ងៃ​ផង

12. ដ្បិត​ប្រាជ្ញា​ជា​គ្រឿង​ការ‌ពារ​ខ្លួន ដូច​ជា​ប្រាក់​ក៏​ជា​គ្រឿង​ការ‌ពារ​ខ្លួន​ដែរ ប៉ុន្តែ​ការ​ដែល​វិសេស​ជាង​ខាង​ចំណេះ គឺ​ថា​ប្រាជ្ញា​រមែង​តែ​រក្សា​ជីវិត​របស់​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​គង់​នៅ

សាស្តា 7