1. នោះយើងបានវិលមកពិចារណាមើលអស់ទាំងការសង្កត់សង្កិន ដែលកើតមកនៅក្រោមថ្ងៃ ក៏ឃើញទឹកភ្នែករបស់ពួកអ្នកដែលត្រូវគេសង្កត់សង្កិន ហើយឃើញថា គេគ្មានអ្នកណានឹងជួយដោះទុក្ខឡើយ គេត្រូវរឹបជាន់ដោយពួកអ្នកមានអំណាច ឥតអ្នកណានឹងជួយដោះទុក្ខទេ
2. ហេតុនោះយើងក៏សរសើរដល់មនុស្សដែលស្លាប់ជាយូរមកហើយ ជាជាងមនុស្សដែលនៅរស់នៅឡើយ
3. អើអ្នកដែលមិនទាន់កើតមកនៅឡើយ ជាអ្នកដែលមិនបានឃើញការអាក្រក់ដែលកើតនៅក្រោមថ្ងៃ នោះវិសេសជាងពួកទាំង២នោះទៅទៀត។
4. រួចយើងបានឃើញអស់ទាំងការនឿយហត់ និងគ្រប់ការដែលធ្វើបានដោយស្រួលថា ជាហេតុនាំឲ្យអ្នកជិតខាងមានចិត្តច្រណែនដល់គ្នានឹងគ្នា នេះក៏ជាការឥតមានទំនង ហើយជាអសារឥតការទទេ។
5. មនុស្សល្ងីល្ងើគេឱបដៃ ហើយស៊ីសាច់របស់ខ្លួនគេ
6. បើមានតែ១ក្តាប់ទាំងប្រកបដោយសេចក្ដីសុខ នោះវិសេសជាងមាន២ក្តាប់ ហើយមានទាំងការនឿយហត់ និងការខំជាអសារឥតការផង។
7. រួចយើងងាកបែរមក ឃើញការដែលឥតប្រយោជន៍នៅក្រោមថ្ងៃ
8. គឺមានម្នាក់ដែលនៅតែឯងឥតមានគូ អើគ្មានទាំងកូន ឬបងប្អូនផង ប៉ុន្តែការនឿយហត់របស់អ្នកនោះមិនចេះអស់មិនចេះហើយឡើយ ភ្នែកគេក៏មិនបានស្កប់ស្កល់ដោយទ្រព្យសម្បត្តិដែរ គេក៏នឹកថា អញធ្វើការនឿយហត់ ហើយបង្អត់សេចក្ដីល្អដល់ព្រលឹងដូច្នេះ នោះតើសំរាប់អ្នកណា នេះជាការឥតប្រយោជន៍ដែរ ហើយក៏អាក្រក់ណាស់ផង
9. មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង ពីព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន
10. ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នានឹងជួយជ្រោងឡើងវិញ
11. មួយទៀត បើដេកមានគ្នា២នាក់ នោះក៏បានកក់ក្តៅ តែបើដេកតែម្នាក់ឯង នោះធ្វើដូចម្តេចឲ្យកក់ក្តៅបាន
12. ហើយបើមានខ្មាំងណាមក ដែលមានកំឡាំងជាង នោះ២នាក់នឹងអាចទប់ទល់បាន ឯពួរ៣ធ្លុងមិនងាយដាច់ទេ។