1. ព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ក៏មកដល់ខ្ញុំថា
2. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ អញមានសេចក្ដីប្រចណ្ឌជាខ្លាំងចំពោះក្រុងស៊ីយ៉ូន អញមានសេចក្ដីប្រចណ្ឌដោយចិត្តក្រោធជាខ្លាំង
3. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញបានវិលមកឯក្រុងស៊ីយ៉ូន ហើយក៏នឹងអាស្រ័យនៅកណ្តាលក្រុងយេរូសាឡិម នោះក្រុងយេរូសាឡិមនឹងបានហៅថា ជាទីក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងបានហៅថាជាភ្នំបរិសុទ្ធ
4. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ នឹងនៅមានបុរសចាស់ និងស្ត្រីចាស់អង្គុយតាមផ្លូវក្រុងយេរូសាឡិមទៀត គ្រប់គ្នាកាន់ឈើច្រត់នៅដៃរៀងខ្លួន ដោយព្រោះអាយុច្រើនហើយ
5. អស់ទាំងផ្លូវទីក្រុងនឹងបានពេញដោយកូនប្រុសស្រី ដែលកំពុងតែលេងក្នុងផ្លូវ
6. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ នៅគ្រានោះ បើការនេះមើលទៅជាទីប្លែកភ្នែកដល់សំណល់ជនជាតិនេះ នោះតើត្រូវបានជាទីប្លែកភ្នែកដល់អញដែរឬ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
7. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងជួយសង្គ្រោះរាស្ត្រអញឲ្យរួចពីស្រុកខាងកើត ហើយពីស្រុកខាងលិចដែរ
8. អញនឹងនាំគេមក នោះគេនឹងអាស្រ័យនៅក្នុងក្រុងយេរូសាឡិម គេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងបានជាព្រះដល់គេ ដោយសេចក្ដីពិត និងសេចក្ដីសុចរិត។
9. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរឯងរាល់គ្នាមានកំឡាំងដៃចុះ គឺឯង ដែលសព្វថ្ងៃនេះ ឮពាក្យទាំងប៉ុន្មាន ពីមាត់ពួកហោរា ដែលបាននៅក្នុងគ្រាគេដាក់ឫសព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដើម្បីឲ្យបានសង់ព្រះវិហារឡើង
10. ដ្បិតកាលមុនគ្រានោះគ្មានថ្លៃឈ្នួលដល់មនុស្ស ឬសត្វទេ ក៏គ្មានសេចក្ដីសុខដល់មនុស្ស ដែលចេញ ឬចូលផង ដោយព្រោះពួកខ្មាំងសត្រូវ ដ្បិតអញបានធ្វើឲ្យមនុស្សទាំងអស់ ទាស់ទទឹងនឹងអ្នកជិតខាងរៀងខ្លួន