3. នោះឃើញទេវតាដែលពោលនឹងខ្ញុំក៏ចេញទៅ ហើយទេវតា១ទៀតបានមកជួបគ្នា
4. ដោយប្រាប់ថា ចូររត់ទៅប្រាប់មនុស្សកំឡោះនោះថា ក្រុងយេរូសាឡិមនឹងមានមនុស្សអាស្រ័យនៅ ដូចជានៅអស់ទាំងភូមិដែលឥតមានកំផែង ដោយព្រោះមានមនុស្ស និងសត្វយ៉ាងសន្ធឹកនៅក្នុងនោះ
5. ដ្បិតអញនឹងបានជាកំផែងភ្លើងដល់ទីក្រុងនៅព័ទ្ធជុំវិញ ហើយនឹងជាសិរីល្អនៅកណ្តាលនេះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
6. ហឺយៗ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូររត់ចេញពីស្រុកខាងជើងមក ដ្បិតអញបានបែងចែកឯងរាល់គ្នាទៅដូចជាខ្យល់ទាំង៤នៅលើអាកាស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
7. ហឺយ ពួកស៊ីយ៉ូន ដែលនៅជាមួយនឹងកូនស្រីក្រុងបាប៊ីឡូនអើយ ចូរដោះខ្លួនឲ្យរួចចុះ
8. ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា ក្រោយសិរីល្អ នោះទ្រង់បានចាត់អញទៅឯសាសន៍ដទៃ ដែលប្លន់ឯងរាល់គ្នា ពីព្រោះអ្នកណាដែលពាល់ឯងរាល់គ្នា នោះគឺជាពាល់ដល់ប្រស្រីព្រះនេត្រនៃទ្រង់ហើយ
9. ដ្បិតមើលអញនឹងងាដៃពីលើគេ ហើយគេនឹងត្រឡប់ជារបឹបដល់ពួកអ្នកដែលបំរើគេវិញ នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានចាត់អញមក
10. ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀង ហើយមានចិត្តអរសប្បាយឡើង ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញមកហើយ អញនឹងនៅកណ្តាលឯងរាល់គ្នា
11. នៅគ្រានោះ សាសន៍ជាច្រើននឹងចូលពួកខាងព្រះយេហូវ៉ា គេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងនៅកណ្តាលឯងរាល់គ្នា នោះឯងនឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានចាត់ឲ្យអញមកឯឯង
12. ព្រះយេហូវ៉ាទ្រង់នឹងបានស្រុកយូដាទុកជាចំណែកមរដកនៃទ្រង់ នៅក្នុងស្រុកបរិសុទ្ធ ហើយទ្រង់នឹងរើសយកក្រុងយេរូសាឡិមទៀត
13. មនុស្សទាំងឡាយអើយ ចូរនៅស្ងៀមចំពោះព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានតើនឡើង ចេញពីទីលំនៅបរិសុទ្ធរបស់ទ្រង់ហើយ។