សាការី 14:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មើល ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​នឹង​មក​ដល់ ជា​វេលា​ដែល​គេ​នឹង​ចាប់​របឹប​ជា​របស់​ផង​ឯង ចែក​គ្នា​នៅ​កណ្តាល​ឯង

2. ដ្បិត​អញ​នឹង​ប្រមូល​អស់​ទាំង​សាសន៍​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​នឹង​ចាប់​យក​ទី​ក្រុង​បាន ព្រម​ទាំង​ប្លន់​ផ្ទះ​ទាំង​ប៉ុន្មាន ហើយ​កំហែង​ចិត្ត​ពួក​ស្រីៗ​ផង នោះ​ពួក​អ្នក​ក្រុង​ពាក់​កណ្តាល​នឹង​ត្រូវ​នាំ​ចេញ​ទៅ​ជា​ឈ្លើយ តែ​បណ្តា‌ជន​ដែល​សល់​នៅ នឹង​មិន​ត្រូវ​ឃ្លាត​ចេញ​ពី​ទី​ក្រុង​ទេ

3. គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ចេញ​ទៅ​ច្បាំង​នឹង​សាសន៍​ទាំង​នោះ ដូច​កាល​នៅ​ថ្ងៃ​ចំបាំង​ដែល​ទ្រង់​បាន​ច្បាំង​នឹង​គេ​ដែរ

4. នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​ទ្រង់​នឹង​ជាន់​លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ប្រឈម​នឹង​ក្រុង​យេរូ‌សាឡិម​ខាង​កើត ហើយ​ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ពុះ​ញែក​ជា​២ នៅ​ចំ​ពាក់​កណ្តាល ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច បង្កើត​ឲ្យ​មាន​ចន្លោះ​យ៉ាង​ធំ ភ្នំ​មួយ​ចំហៀង​នឹង​ញែក​ទៅ​ទិស​ខាង​ជើង ហើយ​១​ចំហៀង​ទៀត​ទៅ​ទិស​ខាង​ត្បូង

5. នោះ​ឯង​រាល់​គ្នា​នឹង​រត់​ទៅ​តាម​ចន្លោះ​ភ្នំ​របស់​អញ ដ្បិត​ចន្លោះ​ភ្នំ​នោះ នឹង​រហូត​ទៅ​ដល់​អាសែល អើ ឯង​រាល់​គ្នា​នឹង​រត់ ដូច​បាន​រត់​ពី​ការ​កក្រើក​ដី នៅ​ក្នុង​រាជ្យ​អូសៀស ជា​ស្តេច​យូដា នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​យាង​មក មាន​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​មក​ជា​មួយ

6. នៅ​ថ្ងៃ​នោះ ពន្លឺ​នឹង​មិន​ភ្លឺ​ច្បាស់ ឬ​ងងឹត​ផង

7. គឺ​ថ្ងៃ​នោះ​នឹង​បាន​ជា​ថ្ងៃ​១ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្គាល់ មិន​មែន​ជា​ថ្ងៃ ក៏​មិន​មែន​ជា​យប់ ប៉ុន្តែ​លុះ​ដល់​ពេល​ព្រលប់ នោះ​នឹង​មាន​ពន្លឺ​វិញ

8. នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​រស់​ហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ពាក់​កណ្តាល​នឹង​ហូរ​ទៅ​ឯ​សមុទ្រ​នៅ​ទិស​ខាង​កើត ហើយ​ពាក់​កណ្តាល​នឹង​ហូរ​ទៅ​ឯ​សមុទ្រ​នៅ​ទិស​ខាង​លិច ទោះ​ទាំង​រដូវ​ក្តៅ និង​រដូវ​រងា ក៏​នឹង​មាន​ដូច្នោះ​ដែរ។

9. ឯ​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​បាន​ជា​មហា‌ក្សត្រ​លើ​ផែនដី​ទាំង​ដុំ​មូល នៅ​ថ្ងៃ​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​១​ព្រះ‌អង្គ ហើយ​ព្រះ‌នាម​ទ្រង់​នឹង​មាន​តែ​១​ដែរ

10. ស្រុក​ទាំង​មូល​ចាប់​តាំង​ពី​កេបា រហូត​ដល់​រីម៉ូន ខាង​ត្បូង​ក្រុង​យេរូ‌សាឡិម នឹង​ត្រឡប់​ទៅ​ដូច​ជា​ស្រុក​វាល នោះ​ក្រុង​យេរូ‌សាឡិម​នឹង​បាន​ដំកើង​ឡើង ហើយ​នឹង​នៅ​កន្លែង​ធម្មតា​ចាប់​តាំង​ពី​ទ្វារ​បេន‌យ៉ា‌មីន រហូត​ទៅ​ដល់​កន្លែង​ទ្វារ​ដំបូង និង​ទ្វារ​ជ្រុង​កំផែង ហើយ​ពី​ប៉ម​ហាណានាល រហូត​ដល់​ធុង​ឃ្នាប​របស់​ស្តេច

សាការី 14