2. មើល អញនឹងធ្វើឲ្យក្រុងយេរូសាឡិមទៅជាពែង ដែលនាំឲ្យវិលក្រឡាប់ដល់ជនជាតិនៅព័ទ្ធជុំវិញទាំងប៉ុន្មាន ហើយដល់ពួកយូដាដែរ ក្នុងកាលដែលមានគេឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម
3. នៅថ្ងៃនោះ អញនឹងធ្វើឲ្យក្រុងយេរូសាឡិមទៅជាថ្ម ដែលសង្កត់លើអស់ទាំងសាសន៍ អស់អ្នកណាដែលយកជាបន្ទុកលើខ្លួន នោះនឹងត្រូវរបួសជាធ្ងន់ ហើយគ្រប់ទាំងសាសន៍នៅផែនដី នឹងមូលគ្នាទាស់នឹងទីក្រុងនោះ
4. ព្រះយេហូវ៉ាទង់មានព្រះបន្ទូលថា នៅថ្ងៃនោះ អញនឹងវាយអស់ទាំងសេះឲ្យស្លុតស្លាំង ហើយឲ្យពួកអ្នកដែលជិះវាបានវិលខួរដែរ អញនឹងបើកភ្នែកមើលពួកវង្សយូដា ហើយនឹងវាយអស់ទាំងសេះរបស់សាសន៍ទាំងប៉ុន្មាន ឲ្យខ្វាក់ភ្នែក
5. ឯពួកចៅហ្វាយនៃសាសន៍យូដា គេនឹងគិតក្នុងចិត្តថា ពួកក្រុងយេរូសាឡិមជាកំឡាំងរបស់គេ ដោយនូវព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃគេ
6. នៅថ្ងៃនោះ អញនឹងធ្វើឲ្យពួកចៅហ្វាយនៃសាសន៍យូដា បានដូចជាជើងក្រាន មានភ្លើងឆេះនៅកណ្តាលឧស ហើយដូចជាចន្លុះឆេះនៅកណ្តាលកណ្តាប់ស្រូវ គេនឹងបន្សុសអស់ទាំងសាសន៍នៅព័ទ្ធជុំវិញ ទោះទាំងខាងឆ្វេង និងខាងស្តាំផង រួចពួកក្រុងយេរូសាឡិមនឹងអាស្រ័យនៅក្នុងកន្លែងរបស់គេម្តងទៀត គឺនៅក្រុងយេរូសាឡិមនោះឯង
7. ព្រះយេហូវ៉ា ទ្រង់នឹងជួយសង្គ្រោះទីលំនៅទាំងប៉ុន្មានរបស់ពួកយូដាជាមុន ដើម្បីមិនឲ្យសិរីល្អនៃពួកវង្សដាវីឌ និងសិរីល្អរបស់ពួកក្រុងយេរូសាឡិម បានដំកើងឡើងលើសជាងពួកយូដាឡើយ
8. នៅថ្ងៃនោះ ព្រះយេហូវ៉ាទ្រង់នឹងការពារពួកអ្នក នៅក្រុងយេរូសាឡិម ហើយនៅថ្ងៃនោះ អ្នកណាក្នុងពួកគេដែលខ្សោយ នោះនឹងបានដូចជាដាវីឌវិញ ហើយពួកវង្សរបស់ដាវីឌនឹងបានដូចជាព្រះ គឺដូចជាទេវតានៃព្រះយេហូវ៉ា នៅចំពោះមុខគេ។
9. នៅថ្ងៃនោះ អញនឹងតាំងចិត្ត ដើម្បីបំផ្លាញអស់ទាំងសាសន៍ ដែលមកទាស់នឹងក្រុងយេរូសាឡិម។
10. អញនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ និងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នកដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះដូចជាយំនឹងកូនច្បងរបស់ខ្លួន
11. នៅថ្ងៃនោះ នឹងមានការយំសោកយ៉ាងធំនៅក្រុងយេរូសាឡិម ដូចជាការយំសោកនៅត្រង់ហាដាត-រីម៉ូន ក្នុងច្រកភ្នំមេគីដោនោះដែរ
12. ស្រុកទាំងមូលនឹងយំសោក គ្រប់ទាំងគ្រួសារដោយខ្លួនៗ គឺវង្សរបស់ដាវីឌដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន គ្រួពួកវង្សណាថាន់ដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន