6. នៅគ្រានោះ មនុស្សនឹងរកចង់បានសេចក្ដីស្លាប់ ប៉ុន្តែមិនប្រទះឡើយ គេនឹងចង់ស្លាប់ តែសេចក្ដីស្លាប់នឹងរត់ចេញពីគេទៅ
7. កណ្តូបទាំងនោះមើលទៅដូចជាសេះ ដែលរៀបនឹងចូលទៅច្បាំង នៅលើក្បាលវាមានដូចជាមកុដ ដែលស្រដៀងនឹងមាស ហើយមានមុខវាដូចជាមុខមនុស្ស
8. ឯសក់វា នោះដូចជាសក់របស់ស្រីៗ ហើយធ្មេញវាដូចជាធ្មេញរបស់សត្វសិង្ហ
9. វាពាក់អាវសឹក ដូចជាអាវសឹកដែក ហើយសូរស្លាបវា ឮដូចជាសូររទេះចំបាំង ដែលទឹមដោយសេះជាច្រើន បរជំរត់ទៅច្បាំង
10. វាក៏មានកន្ទុយ ហើយនឹងទ្រនិចដូចជាខ្យាដំរី ឯអំណាចវា ក៏នៅក្នុងកន្ទុយនោះ សំរាប់នឹងធ្វើទុក្ខដល់មនុស្ស អស់រវាង៥ខែ
11. វាមានស្តេចត្រួតលើវាដែរ គឺជាទេវតានៃជង្ហុកធំ ដែលតាមភាសាហេព្រើរមានឈ្មោះហៅថា «អាបាដូន» តែតាមភាសាក្រេកហៅថា «អាប៉ុលីយ៉ូន»វិញ
12. សេចក្ដីវេទនាទី១បានកន្លងទៅហើយ មើល មានសេចក្ដីវេទនា២យ៉ាង មកតាមក្រោយទៀត។
13. ទេវតាទី៦ក៏ផ្លុំឡើង នោះខ្ញុំឮសំឡេង១ ចេញពីស្នែងទាំង៤របស់អាសនាមាស ដែលនៅចំពោះព្រះ
14. ក៏និយាយទៅទេវតាទី៦ ដែលកាន់ត្រែថា ចូរស្រាយទេវតាទាំង៤ ដែលចងទុកនៅទន្លេអ៊ើប្រាតដ៏ជាធំទៅ
15. នោះក៏ស្រាយទេវតាទាំង៤ ដែលប្រុងប្រៀបសំរាប់ពេលកំណត់ថ្ងៃ ខែ និងឆ្នាំ ដើម្បីនឹងសំឡាប់មនុស្ស១ភាគក្នុង៣ចោល
16. ឯចំនួនពលសេះ នោះមាន២០កោដិ ខ្ញុំក៏ឮចំនួនពលទ័ពទាំងនោះ
17. ហើយក្នុងការជាក់ស្តែងនេះ ខ្ញុំឃើញសេះទាំងនោះ និងអ្នកដែលជិះដែរ គេមានពាក់អាវសឹកសម្បុរភ្លើង ស្វាយខ្ចី និងស្ពាន់ធ័រ ឯក្បាលសេះនោះដូចជាក្បាលសិង្ហ មានភ្លើង ផ្សែង ហើយស្ពាន់ធ័រដែលចេញពីមាត់វាមក
18. មនុស្សលោក១ភាគក្នុង៣បានស្លាប់ ដោយសេចក្ដីទេវនាទាំង៣មុខនេះ គឺដោយភ្លើង ផ្សែង និងស្ពាន់ធ័រ ដែលចេញពីមាត់វាមកនោះឯង
19. ពីព្រោះអំណាចរបស់សេះទាំងនោះ គឺមាននៅក្នុងមាត់ និងក្នុងកន្ទុយវា ដ្បិតកន្ទុយវាដូចជាពស់ ដែលមានក្បាល ហើយវាក៏ធ្វើទុក្ខដោយសារកន្ទុយនោះ
20. រីឯសំណល់មនុស្សដែលមិនបានស្លាប់ ដោយសារសេចក្ដីវេទនាទាំងនោះ ក៏នៅតែមិនព្រមប្រែចិត្ត ចេញពីការដែលស្នាដៃគេធ្វើ ដើម្បីនឹងលះចោលការគោរពដល់អារក្ស និងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ថ្ម ឬពីឈើក្តី ដែលមើលមិនឃើញ ស្តាប់មិនឮ ហើយដើរមិនរួចនោះឡើយ
21. ក៏មិនបានប្រែចិត្តចោលការកាប់សំឡាប់ មន្តអាគម កំផិត និងការលួចប្លន់ ដែលគេប្រព្រឹត្តផងដែរ។