5. មានផ្លេកបន្ទោរ សៀងសំឡេង និងផ្គរលាន់ចេញពីបល្ល័ង្ក១នោះមក ក៏មានចង្កៀង៧ឆេះនៅពីខាងមុខ នោះគឺជាវិញ្ញាណទាំង៧របស់ព្រះ
6. ឯនៅខាងមុខបល្ល័ង្កនោះ មានសមុទ្រកែវ ដូចជាកែវចរណៃ ហើយនៅកណ្តាល និងជុំវិញនៃបល្ល័ង្កនោះ ក៏មានតួមានជីវិត៤ដែលមានភ្នែកពេញទាំងមុខទាំងក្រោយ
7. ឯតួទី១ស្រដៀងនឹងសត្វសិង្ហ តួទី២ស្រដៀងនឹងសត្វគោ តួទី៣មានមុខដូចជាមនុស្ស ហើយតួទី៤ស្រដៀងនឹងឥន្ទ្រីដែលហើរ
8. តួមានជីវិតទាំង៤នោះ មានស្លាប៦គ្រប់រូប ក៏មានភ្នែកពេញខ្លួននៅជុំវិញ ហើយទាំងខាងក្នុងដែរ ក៏ចេះតែពោលពាក្យឥតឈប់ឈរទាំងយប់ទាំងថ្ងៃ ថា បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលទ្រង់គង់នៅតាំងតែពីដើម ក៏នៅឥឡូវនេះ ហើយត្រូវយាងមកទៀត
9. កាលណាតួមានជីវិតទាំង៤នោះបានថ្វាយសិរីល្អ ល្បីព្រះនាម និងពាក្យអរព្រះគុណ ដល់ព្រះអង្គដែលគង់លើបល្ល័ង្កជាព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច រៀងរាបដរាបទៅរួចហើយ
10. នោះពួកចាស់ទុំទាំង២៤នាក់ ក៏ទំលាក់ខ្លួនក្រាបចុះ នៅចំពោះព្រះអង្គដែលគង់លើបល្ល័ង្ក ទាំងថ្វាយបង្គំដល់ព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច រៀងរាបតទៅនោះ ហើយក៏ដាក់មកុដខ្លួនចុះថ្វាយនៅមុខបល្ល័ង្ក ដោយទូលថា
11. ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិត្តិនាម និងព្រះចេស្តា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង។