2. អញស្គាល់អស់ទាំងការដែលឯងធ្វើ និងសេចក្ដីនឿយហត់ ហើយសេចក្ដីអត់ធ្មត់របស់ឯងហើយ ក៏ដឹងថា ឯងទ្រាំនឹងមនុស្សអាក្រក់ពុំបានផង គឺឯងបានល្បងលពួកអ្នក ដែលហៅខ្លួនជាសាវក តែមិនមែនជាសាវកទេ ក៏បានឃើញថា អ្នកទាំងនោះជាពួកភូតភរវិញ
3. ឯងបានអត់ធន់ ហើយទ្រាំទ្រ ទាំងធ្វើការដោយនឿយហត់ ឥតណាយចិត្តឡើយ ដោយព្រោះឈ្មោះអញ
4. តែអញប្រកាន់សេចក្ដីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្ដីស្រឡាញ់ដើមចេញ
5. ដូច្នេះ ចូរនឹកចាំ ដែលឯងបានធ្លាក់ចេញពីសណ្ឋានណានោះ ហើយប្រែចិត្តចុះ រួចប្រព្រឹត្តតាមការដើមដំបូងនោះវិញ ពុំនោះសោត អញនឹងមកឯឯង ហើយនឹងហូតយកជើងចង្កៀងឯងពីកន្លែងចេញ លើកតែឯងប្រែចិត្តឡើងវិញ
6. ប៉ុន្តែ ឯងមានសេចក្ដី១នេះ គឺថា ឯងស្អប់ការរបស់ពួកនីកូឡាស ដែលអញក៏ស្អប់ដែរ
7. អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអស់អ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគផ្លែរបស់ដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ។
8. ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងស្មឺន៉ាថា ព្រះដ៏ជាដើម ហើយជាចុង ដែលបានសុគត រួចមានព្រះជន្មរស់ឡើងវិញ ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា
9. អញស្គាល់សេចក្ដីទុក្ខលំបាក និងសេចក្ដីកំសត់របស់ឯងហើយ ប៉ុន្តែ ឯងជាអ្នកមានវិញ ក៏ស្គាល់សេចក្ដីប្រមាថរបស់ពួកអ្នក ដែលហៅខ្លួនជាសាសន៍យូដាដែរ តែគេមិនមែនសាសន៍យូដាទេ គឺជាពួកជំនុំរបស់អារក្សសាតាំងវិញ
10. កុំឲ្យឯងខ្លាចសេចក្ដីដែលឯងត្រូវរងទុក្ខនោះឡើយ មើល អារក្សវារៀបនឹងបោះពួកឯងខ្លះទៅក្នុងគុកហើយ ដើម្បីនឹងល្បងលមើលឯង នោះឯងរាល់គ្នានឹងត្រូវរងវេទនាអស់១០ថ្ងៃ ដូច្នេះ ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង
11. អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអ្នកណាដែលឈ្នះ នោះសេចក្ដីស្លាប់ទី២នឹងធ្វើទុក្ខដល់អ្នកនោះមិនបានឡើយ។
12. ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងពើកាម៉ុសថា ព្រះដែលមានដាវមុខ២ដ៏មុត ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា
13. អញស្គាល់ទីលំនៅរបស់ឯងហើយ គឺជាកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំងនោះ តែឯងកាន់ខ្ជាប់តាមឈ្មោះអញ ហើយមិនបានលះចោលសេចក្ដីជំនឿដល់អញចេញឡើយ ទោះក្នុងគ្រាដែលគេបានសំឡាប់អាន់ទីប៉ាស ជាស្មរបន្ទាល់ស្មោះត្រង់របស់អញ នៅកណ្តាលពួកឯងរាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះផង
14. ប៉ុន្តែ អញប្រកាន់សេចក្ដីខ្លះនេះនឹងឯង ពីព្រោះនៅទីនោះ ឯងមានអ្នកខ្លះ ដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខពួកជនជាតិអ៊ីស្រាអែល ដើម្បីនឹងនាំឲ្យគេបរិភោគដង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសេចក្ដីកំផិតផង