12. ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងពើកាម៉ុសថា ព្រះដែលមានដាវមុខ២ដ៏មុត ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា
13. អញស្គាល់ទីលំនៅរបស់ឯងហើយ គឺជាកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំងនោះ តែឯងកាន់ខ្ជាប់តាមឈ្មោះអញ ហើយមិនបានលះចោលសេចក្ដីជំនឿដល់អញចេញឡើយ ទោះក្នុងគ្រាដែលគេបានសំឡាប់អាន់ទីប៉ាស ជាស្មរបន្ទាល់ស្មោះត្រង់របស់អញ នៅកណ្តាលពួកឯងរាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះផង
14. ប៉ុន្តែ អញប្រកាន់សេចក្ដីខ្លះនេះនឹងឯង ពីព្រោះនៅទីនោះ ឯងមានអ្នកខ្លះ ដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខពួកជនជាតិអ៊ីស្រាអែល ដើម្បីនឹងនាំឲ្យគេបរិភោគដង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសេចក្ដីកំផិតផង
15. ឯងក៏មានអ្នកខ្លះ ដែលកាន់តាមសេចក្ដីបង្រៀនរបស់ពួកនីកូឡាសដែរ
16. ដូច្នេះ ចូរប្រែចិត្តចុះ ពុំនោះសោត អញនឹងមកឯឯងជាឆាប់ នោះអញនឹងយកដាវ ដែលនៅមាត់អញ ច្បាំងនឹងគេ
17. អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគនំម៉ាន៉ាដ៏លាក់កំបាំង ហើយនឹងឲ្យគ្រួសស១ដល់អ្នកនោះ នៅគ្រួសនោះមានឆ្លាក់ជាឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ ស្គាល់បានតែអ្នកដែលទទួលប៉ុណ្ណោះ។
18. ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងធាទេរ៉ាថា ព្រះរាជបុត្រានៃព្រះ ដែលមានព្រះនេត្រដូចជាអណ្តាតភ្លើង ហើយព្រះបាទដូចជាលង្ហិនរលីង ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា
19. អញស្គាល់ការដែលឯងធ្វើហើយ ព្រមទាំងសេចក្ដីស្រឡាញ់ សេចក្ដីជំនួយ សេចក្ដីជំនឿ សេចក្ដីអត់ធ្មត់របស់ឯងដែរ ហើយថា ការដែលឯងធ្វើជាន់ក្រោយ បានច្រើនលើសជាងជាន់មុនទៅទៀត
20. តែអញប្រកាន់សេចក្ដីខ្លះនឹងឯង ដ្បិតឯងបណ្តោយឲ្យស្ត្រី ឈ្មោះយេសិបិល ដែលហៅខ្លួនជាហោរា បានទៅបង្ហាត់បង្រៀន ហើយនាំពួកបាវបំរើរបស់អញ ឲ្យវង្វេងទៅប្រព្រឹត្តសេចក្ដីកំផិត ហើយបរិភោគដង្វាយដែលថ្វាយទៅរូបព្រះផង
21. អញបានឲ្យវាមានឱកាសនឹងប្រែចិត្ត ចេញពីការកំផិតរបស់វាដែរ តែវាមិនព្រម? សោះ
22. មើលអញនឹងបោះវាទៅលើគ្រែ ហើយបោះពួកអ្នក ដែលប្រព្រឹត្តសេចក្ដីកំផិតជាមួយនឹងវា ឲ្យទៅក្នុងសេចក្ដីវេទនាជាខ្លាំង លើកតែគេប្រែចិត្តលះបង់ការ ដែលគេប្រព្រឹត្តនោះចេញ
23. ហើយអញនឹងសំឡាប់កូនចៅវាចោល នោះគ្រប់ទាំងពួកជំនុំនឹងដឹងថា គឺអញនេះហើយ ដែលស្ទង់មើលចិត្ត និងថ្លើម រួចអញនឹងសងការដល់ឯងរាល់គ្នា តាមការដែលគ្រប់គ្នាបានប្រព្រឹត្ត
24. តែអញប្រាប់ដល់ឯងរាល់គ្នា ហើយដល់ពួកអ្នកឯទៀត នៅក្រុងធាទេរ៉ាដែរ គឺដល់ពួកអ្នកដែលមិនកាន់តាមសេចក្ដីបង្រៀននោះ ក៏មិនស្គាល់សេចក្ដីជំរៅរបស់អារក្សសាតាំង ដូចជាពាក្យដែលគេថានោះឡើយ តែអញៗ មិនផ្ទុកបន្ទុកអ្វីទៀតលើឯងរាល់គ្នាទេ
25. ប៉ុន្តែ សេចក្ដីដែលឯងមាន នោះឲ្យកាន់ខ្ជាប់ ដរាបដល់អញមកចុះ
26. ឯអ្នកណាដែលឈ្នះ ហើយកាន់តាមការអញ ដរាបដល់ចុងបំផុត នោះអញនឹងឲ្យមានអំណាចលើពួកសាសន៍ដទៃ
27. អ្នកនោះនឹងឃ្វាលគេ ដោយដំបងដែក ដូចជាគេបំបែកភាជនៈដីឲ្យខ្ទេចខ្ទី តាមអំណាចដែលអញបានទទួលពីព្រះវរបិតាមក
28. អញនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះ
29. អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ។