វិវរណៈ 2:1-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​អេភេសូរ​ថា ព្រះ‌អង្គ​ដែល​កាន់​ផ្កាយ​ទាំង​៧​នៅ​ព្រះ‌ហស្ត​ស្តាំ ហើយ​យាង​នៅ​កណ្តាល​ជើង​ចង្កៀង​មាស​ទាំង​៧​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា

2. អញ​ស្គាល់​អស់​ទាំង​ការ​ដែល​ឯង​ធ្វើ និង​សេចក្ដី​នឿយ​ហត់ ហើយ​សេចក្ដី​អត់‌ធ្មត់​របស់​ឯង​ហើយ ក៏​ដឹង​ថា ឯង​ទ្រាំ​នឹង​មនុស្ស​អាក្រក់​ពុំ​បាន​ផង គឺ​ឯង​បាន​ល្បង​ល​ពួក​អ្នក ដែល​ហៅ​ខ្លួន​ជា​សាវក តែ​មិន​មែន​ជា​សាវក​ទេ ក៏​បាន​ឃើញ​ថា អ្នក​ទាំង​នោះ​ជា​ពួក​ភូត‌ភរ​វិញ

3. ឯង​បាន​អត់‌ធន់ ហើយ​ទ្រាំទ្រ ទាំង​ធ្វើ​ការ​ដោយ​នឿយ​ហត់ ឥត​ណាយ​ចិត្ត​ឡើយ ដោយ​ព្រោះ​ឈ្មោះ​អញ

4. តែ​អញ​ប្រកាន់​សេចក្ដី​នេះ​នឹង​ឯង គឺ​ថា ឯង​បាន​បោះ​បង់​ចោល​សេចក្ដី​ស្រឡាញ់​ដើម​ចេញ

5. ដូច្នេះ ចូរ​នឹក​ចាំ ដែល​ឯង​បាន​ធ្លាក់​ចេញ​ពី​សណ្ឋាន​ណា​នោះ ហើយ​ប្រែ​ចិត្ត​ចុះ រួច​ប្រព្រឹត្ត​តាម​ការ​ដើម​ដំបូង​នោះ​វិញ ពុំ​នោះ​សោត អញ​នឹង​មក​ឯ​ឯង ហើយ​នឹង​ហូត​យក​ជើង​ចង្កៀង​ឯង​ពី​កន្លែង​ចេញ លើក​តែ​ឯង​ប្រែ​ចិត្ត​ឡើង​វិញ

6. ប៉ុន្តែ ឯង​មាន​សេចក្ដី​១​នេះ គឺ​ថា ឯង​ស្អប់​ការ​របស់​ពួក​នីកូឡាស ដែល​អញ​ក៏​ស្អប់​ដែរ

7. អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អស់​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​ផ្លែ​របស់​ដើម​ជីវិត ដែល​នៅ​ស្ថាន‌បរម‌សុខរបស់​ព្រះ។

8. ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ស្មឺន៉ាថា ព្រះ​ដ៏​ជា​ដើម ហើយ​ជា​ចុង ដែល​បាន​សុគត រួច​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា

9. អញ​ស្គាល់​សេចក្ដី​ទុក្ខ​លំបាក និង​សេចក្ដី​កំសត់​របស់​ឯង​ហើយ ប៉ុន្តែ ឯង​ជា​អ្នក​មាន​វិញ ក៏​ស្គាល់​សេចក្ដី​ប្រមាថ​របស់​ពួក​អ្នក ដែល​ហៅ​ខ្លួន​ជា​សាសន៍​យូដា​ដែរ តែ​គេ​មិន​មែន​សាសន៍​យូដា​ទេ គឺ​ជា​ពួក​ជំនុំ​របស់​អារក្ស​សាតាំង​វិញ

10. កុំ​ឲ្យ​ឯង​ខ្លាច​សេចក្ដី​ដែល​ឯង​ត្រូវ​រង​ទុក្ខ​នោះ​ឡើយ មើល អារក្ស​វា​រៀប​នឹង​បោះ​ពួក​ឯង​ខ្លះ​ទៅ​ក្នុង​គុក​ហើយ ដើម្បី​នឹង​ល្បង​ល​មើល​ឯង នោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​រង​វេទនា​អស់​១០​ថ្ងៃ ដូច្នេះ ចូរ​នៅ​ជា​ស្មោះ‌ត្រង់​ដរាប​ដល់​ស្លាប់​ចុះ នោះ​អញ​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​ឯង

11. អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​សេចក្ដី​ស្លាប់​ទី​២​នឹង​ធ្វើ​ទុក្ខ​ដល់​អ្នក​នោះ​មិន​បាន​ឡើយ។

12. ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ពើ‌កាម៉ុស​ថា ព្រះ​ដែល​មាន​ដាវ​មុខ​២​ដ៏​មុត ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា

13. អញ​ស្គាល់​ទី​លំនៅ​របស់​ឯង​ហើយ គឺ​ជា​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង​នោះ តែ​ឯង​កាន់​ខ្ជាប់​តាម​ឈ្មោះ​អញ ហើយ​មិន​បាន​លះ​ចោល​សេចក្ដី​ជំនឿ​ដល់​អញ​ចេញ​ឡើយ ទោះ​ក្នុង​គ្រា​ដែល​គេ​បាន​សំឡាប់​អាន់ទីប៉ាស ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់​របស់​អញ នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ផង

14. ប៉ុន្តែ អញ​ប្រកាន់​សេចក្ដី​ខ្លះ​នេះ​នឹង​ឯង ពី​ព្រោះ​នៅ​ទី​នោះ ឯង​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​នឹង​នាំ​ឲ្យ​គេ​បរិភោគ​ដង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ផង

15. ឯង​ក៏​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូឡាស​ដែរ

16. ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចុះ ពុំ​នោះ​សោត អញ​នឹង​មក​ឯ​ឯង​ជា​ឆាប់ នោះ​អញ​នឹង​យក​ដាវ ដែល​នៅ​មាត់​អញ ច្បាំង​នឹង​គេ

17. អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​នំ​ម៉ាន៉ា​ដ៏​លាក់​កំបាំង ហើយ​នឹង​ឲ្យ​គ្រួស​ស​១​ដល់​អ្នក​នោះ នៅ​គ្រួស​នោះ​មាន​ឆ្លាក់​ជា​ឈ្មោះ​ថ្មី ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ ស្គាល់​បាន​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ។

វិវរណៈ 2