1. ក្រោយនោះមក ខ្ញុំឮសំឡេងយ៉ាងខ្លាំង របស់មនុស្ស១ហ្វូងដ៏ធំ នៅលើស្ថានសួគ៌ថា ហាលេលូយ៉ា សេចក្ដីសង្គ្រោះ សិរីល្អ និងព្រះចេស្តា នោះជារបស់ផងព្រះនៃយើងរាល់គ្នាហើយ
2. ដ្បិតសេចក្ដីជំនុំជំរះរបស់ទ្រង់ សុទ្ធតែពិតត្រង់ ហើយសុចរិតទាំងអស់ ពីព្រោះទ្រង់បានកាត់ទោសស្រីសំផឹងដ៏ធំនោះ ដែលបង្ខូចផែនដី ដោយការកំផិតរបស់វា ទ្រង់ក៏សងសឹក ដោយព្រោះឈាមពួកបាវបំរើរបស់ទ្រង់ ដែលវាបានកំចាយ
3. ពួកនោះក៏ពោលពាក្យម្តងទៀតថា ហាលេលូយ៉ា ហើយផ្សែងវាក៏ហុយឡើងនៅអស់កល្បជានិច្ចរៀងរាបតទៅ
4. ពួកចាស់ទុំទាំង២៤នាក់ និងតួមានជីវិតទាំង៤ ក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំចំពោះព្រះ ដែលគង់នៅលើបល្ល័ង្ក ដោយនិយាយថា អាម៉ែន ហាលេលូយ៉ា
5. រួចមានសំឡេងចេញពីបល្ល័ង្កមកថា អស់ទាំងបាវបំរើទ្រង់ និងពួកអ្នកដែលកោតខ្លាចទ្រង់ ទាំងធំទាំងតូចអើយ ចូរសរសើរដល់ព្រះនៃយើងរាល់គ្នាចុះ
6. នោះខ្ញុំឮសូរដូចជាសំឡេងនៃមនុស្ស១ហ្វូងយ៉ាងធំ ដូចសូរទឹកច្រើន ហើយដូចសូរផ្គរលាន់យ៉ាងខ្លាំងថា ហាលេលូយ៉ា ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលមានព្រះចេស្តាបំផុត ទ្រង់សោយរាជ្យឡើងហើយ
7. ចូរឲ្យយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបខ្លួនជាស្រេច
8. ទ្រង់ប្រទានឲ្យនាងបានស្លៀកពាក់សំពត់ទេសយ៉ាងម៉ដ្ត ស្អាត ហើយភ្លឺ ដ្បិតសំពត់ទេសយ៉ាងម៉ដ្ត នោះជាសេចក្ដីសុចរិតរបស់ពួកបរិសុទ្ធ
9. ទេវតាក៏ប្រាប់មកខ្ញុំថា ចូរសរសេរថា មានពរហើយ អស់អ្នកដែលព្រះបានហៅមកបរិភោគការកូនចៀម ក៏និយាយមកខ្ញុំទៀតថា នេះជាព្រះបន្ទូលពិតរបស់ព្រះ
10. នោះខ្ញុំទំលាក់ខ្លួនចុះ នៅទៀបជើងទេវតានោះ ដើម្បីថ្វាយបង្គំ តែទេវតាប្រាប់ខ្ញុំថា កុំឲ្យធ្វើដូច្នេះឡើយ ដ្បិតខ្ញុំជាបាវបំរើជាមួយនឹងអ្នក ហើយនឹងបងប្អូនអ្នក ដែលមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវដែរ ចូរថ្វាយបង្គំដល់ព្រះវិញ ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូវ នោះហើយជាវិញ្ញាណនៃសេចក្ដីទំនាយ។