1. ក្រោយនោះមក ខ្ញុំឃើញទេវតា១ទៀតចុះពីស្ថានសួគ៌មក មានអំណាចយ៉ាងធំ ហើយសិរីល្អរបស់ទេវតានោះក៏បំភ្លឺផែនដី
2. ទេវតានោះបន្លឺឡើង ដោយសំឡេងយ៉ាងខ្លាំងថា ក្រុងបាប៊ីឡូនដ៏ជាធំបានរលំហើយ បានរលំហើយ ក៏ត្រឡប់ជាលំនៅនៃពួកអារក្ស ជាកន្លែងរបស់អស់ទាំងវិញ្ញាណអសោច និងអស់ទាំងសត្វស្លាបអសោចគួរខ្ពើម
3. ពីព្រោះគ្រប់ទាំងសាសន៍បានផឹកស្រារបស់សេចក្ដីឃោរឃៅផងសេចក្ដីកំផិតវា ពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយពួកជំនួញនៅផែនដីបានត្រឡប់ជាមានឡើង ដោយអំណាចនៃការហ៊ឺហាររបស់វាដែរ។
4. ខ្ញុំក៏ឮសំឡេង១ទៀតពីលើមេឃ ពោលថា រាស្ត្រអញអើយ ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឲ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ ក្រែងត្រូវវេទនាដូចជាវាដែរ
5. ដ្បិតអំពើបាបវាបានគរជាគំនរឡើងដល់ផ្ទៃមេឃ ហើយព្រះទ្រង់បាននឹកចាំពីការទុច្ចរិតរបស់វា
6. ចូរសងវាតាមការដែលវាបានធ្វើដល់ឯងចុះ ទាំងទ្វេ១ជា២ឲ្យវាផង ចូរចាក់១ជា២ទៅក្នុងពែង ដែលវាបានចាក់ឲ្យឯង
7. ដែលវាបានដំកើងខ្លួន ហើយរស់ដោយហ៊ឺហាយ៉ាងណា នោះត្រូវឲ្យវាមានសេចក្ដីទុក្ខលំបាក និងសេចក្ដីសោកសង្រេងយ៉ាងនោះដែរ ដ្បិតវាគិតក្នុងចិត្តថា អញអង្គុយជាមហាក្សត្រី មិនមែនជាមេម៉ាយទេ ក៏មិនត្រូវមានសេចក្ដីសោកសង្រេងឡើយ
8. ដោយហេតុនោះបានជាសេចក្ដីទេវនារបស់វា នឹងមកដល់ក្នុងថ្ងៃតែ១វិញ គឺជាសេចក្ដីស្លាប់សោកសង្រេង និងអំណត់អត់ ហើយវានឹងត្រូវភ្លើងឆេះទៅ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលជំនុំជំរះវា ទ្រង់ខ្លាំងពូកែណាស់