វិវរណៈ 16:3-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ទេវតា​ទី​២ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​ត្រឡប់​ទៅ​ជា​ឈាម ដូច​ជា​ឈាម​ខ្មោច ហើយ​គ្រប់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់។

4. ទេវតា​ទី​៣ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​ក្នុង​ទន្លេ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន នោះ​ក៏​ប្រែ​ទៅ​ជា​ឈាម​ទាំង​អស់​ដែរ

5. រួច​ខ្ញុំ​ឮ​ទេវតា​នៃ​ទឹក​និយាយ​ថា ឱ​ព្រះ​ដ៏​គង់​នៅ ហើយ​បាន​គង់​នៅ​តាំង​ពី​ដើម​រៀង​មក​អើយ ដែល​ទ្រង់​បាន​ជំនុំ‌ជំរះ​កាត់​ទោស​ដូច្នេះ នោះ​សុចរិត​ហើយ

6. ដ្បិត​គេ​បាន​កំចាយ​ឈាម​នៃ​ពួក​បរិសុទ្ធ និង​ពួក​ហោរា ហើយ​ទ្រង់​បាន​ប្រទាន​ឈាម​ឲ្យ​គេ​ផឹក គេ​គួរ​មាន​ទោស​ដូច្នេះ​ហើយ

7. រួច​ខ្ញុំ​ឮ​អាសនា​ទទួល​ថា មែន​ហើយ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ សេចក្ដី​ជំនុំ‌ជំរះ​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ពិត​ត្រង់​ទាំង​អស់។

8. ទេវតា​ទី​៤​ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​លើ​ព្រះ‌អាទិត្យ រួច​ព្រះ‌អាទិត្យ​បាន​អំណាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ត្រូវ​ខ្លោច ដោយ‌សារ​ភ្លើង

9. មនុស្ស​លោក​ក៏​ត្រូវ​ខ្លោច​ទៅ ដោយ​អំណាច​ក្តៅ​ជា​ខ្លាំង តែ​គេ​មិន​បាន​ប្រែ​ចិត្ត ដើម្បី​នឹង​លើក​សរសើរ​ដល់​សិរី‌ល្អ​នៃ​ព្រះ​ទេ គឺ​គេ​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ ដែល​មាន​អំណាច​លើ​សេចក្ដី​វេទនា​ទាំង​នោះ​វិញ។

10. ឯ​ទេវតា​ទី​៥ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​លើ​បល្ល័ង្ក​របស់​សត្វ​នោះ រួច​នគរ​វា​ត្រឡប់​ទៅ​ជា​ងងឹត​សូន្យ​សុង ហើយ​គេ​ខាំ​អណ្តាត ដោយ​មាន​សេចក្ដី​ទុក្ខ​លំបាក

11. ក៏​ប្រមាថ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌​ដោយ​ព្រោះ​ទុក្ខ​លំបាក និង​ដំបៅ​របស់​គេ តែ​មិន​បាន​ប្រែ​ចិត្ត​លះ​ចោល​ពី​ការ​ដែល​គេ​ប្រព្រឹត្ត​ឡើយ។

12. ទេវតា​ទី​៦ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​លើ​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត រួច​ទឹក​ទន្លេ​នោះ​ក៏​រីង​ទៅ ដើម្បី​ឲ្យ​បាន​រៀប‌ចំ​ផ្លូវ​របស់​ពួក​ស្តេច​ពី​ទិស​ខាង​ថ្ងៃ​រះ

13. រួច​ខ្ញុំ​ឃើញ​វិញ្ញាណ​អសោច​៣ ដូច​ជា​កង្កែប ចេញ​ពី​មាត់​នាគ មាត់​សត្វ និង​ពី​មាត់​ហោរា​ក្លែង‌ក្លាយ​មក

វិវរណៈ 16