5. នាងសំរាលបានកូនប្រុស ដែលត្រូវឃ្វាលគ្រប់អស់ទាំងសាសន៍ ដោយដំបងដែក តែព្រះទ្រង់លើកកូននាងទៅឯទ្រង់ និងដល់បល្ល័ង្កទ្រង់វិញ
6. រួចស្ត្រីនោះក៏រត់ទៅឯទីរហោស្ថាន នៅទីនោះព្រះបានរៀបកន្លែងឲ្យនាង ដើម្បីនឹងចិញ្ចឹមនាងនៅទីនោះ អស់រវាង១២៦០ថ្ងៃ។
7. នោះមានចំបាំងនៅលើមេឃ គឺមីកែល និងពួកទេវតារបស់លោកច្បាំងនឹងនាគ ហើយនាគ និងទេវតាវាក៏ច្បាំងនឹងលោកដែរ
8. តែមិនបានឈ្នះទេ ក៏មិនឃើញមានកន្លែងណាឲ្យវា នៅលើមេឃទៀតផង
9. នោះនាគធំ ត្រូវបោះទំលាក់ទៅ គឺជាពស់ពីបុរាណ ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង ដែលបាននាំលោកីយ៍ទាំងមូលឲ្យវង្វេងចេញ វាត្រូវបោះទំលាក់ទៅផែនដីវិញ ព្រមទាំងពួកទេវតារបស់វាផង។
10. នោះខ្ញុំឮសំឡេង១យ៉ាងខ្លាំង នៅលើមេឃថា ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្តា និងរាជ្យរបស់ព្រះនៃយើងរាល់គ្នា ហើយអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់ បានមកដល់ហើយ ដ្បិតអានោះដែលចោទប្រកាន់ពីពួកបងប្អូនយើងរាល់គ្នា ដែលចេះតែចោទពីគេ នៅចំពោះព្រះទាំងយប់ទាំងថ្ងៃ វាត្រូវបោះទំលាក់ទៅហើយ
11. គេបានឈ្នះវា ដោយសារឈាមនៃកូនចៀម ហើយដោយសារសេចក្ដីបន្ទាល់របស់គេ ក៏មិនបានស្តាយជីវិតខ្លួនដរាបដល់ស្លាប់
12. ដោយហេតុនោះ ឱស្ថានសួគ៌ និងពួកអ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី និងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ។
13. លុះនាគឃើញថា វាត្រូវបោះទំលាក់ទៅផែនដីហើយ នោះវាក៏ធ្វើទុក្ខដល់ស្ត្រីដែលសំរាលកូនប្រុសនោះ
14. តែព្រះទ្រង់ប្រទានឲ្យស្ត្រីនោះមានស្លាប២ ដូចជាស្លាបនៃសត្វឥន្ទ្រី ដើម្បីឲ្យនាងបានហើរទៅនៅកន្លែងរបស់នាង នៅទីរហោស្ថាន ជាកន្លែងដែលទ្រង់ចិញ្ចឹមនាងអស់១ខួប ២ខួប ហើយកន្លះខួបផង ឲ្យឃ្លាតពីមុខសត្វពស់នោះចេញ
15. រួចពស់វាព្រួសទឹកចេញពីមាត់វាដូចជាទន្លេ ឲ្យហូរទៅតាមស្ត្រីនោះ ដើម្បីនឹងបន្សាត់នាងឲ្យបាត់តាមទន្លេនោះទៅ
16. តែផែនដីបានជួយនាង ដោយហាឡើងលេបទន្លេ ដែលនាគព្រួសចេញពីមាត់វាទៅបាត់
17. នាគក៏ខឹងនឹងស្ត្រីនោះ ហើយចេញទៅច្បាំងនឹងសំណល់ពូជនាងទាំងប៉ុន្មាន ជាពួកអ្នកដែលកាន់តាមបញ្ញត្តព្រះ ហើយមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវ។