1. រួចមានទីសំគាល់១យ៉ាងធំ នៅលើមេឃ គឺជាស្ត្រីម្នាក់ប្រដាប់ខ្លួនដោយព្រះអាទិត្យ មានព្រះចន្ទនៅក្រោមជើង ក៏មានមកុដធ្វើពីផ្កាយ១២នៅលើក្បាលដែរ
2. នាងមានគភ៌ ក៏ស្រែកដោយរៀបនឹងសំរាលចេញ ទាំងឈឺចាប់នឹងបង្កើតកូនមក។
3. ឃើញមានទីសំគាល់១ទៀត នៅលើមេឃ គឺនាគដ៏ធំមានសម្បុរក្រហម ដែលមានក្បាល៧ និងស្នែង១០ ឯនៅលើក្បាលវា មានមកុដ៧
4. កន្ទុយវាក៏ទាញផ្កាយនៅលើមេឃ១ភាគក្នុង៣ គ្រវាត់ចោលទៅផែនដី នាគនោះក៏ស្ថិតនៅត្រង់មុខស្ត្រី ដែលរៀបនឹងសំរាលកូននោះ ដើម្បីនឹងលេបកូននាង ក្នុងកាលដែលសំរាលចេញមក
5. នាងសំរាលបានកូនប្រុស ដែលត្រូវឃ្វាលគ្រប់អស់ទាំងសាសន៍ ដោយដំបងដែក តែព្រះទ្រង់លើកកូននាងទៅឯទ្រង់ និងដល់បល្ល័ង្កទ្រង់វិញ
6. រួចស្ត្រីនោះក៏រត់ទៅឯទីរហោស្ថាន នៅទីនោះព្រះបានរៀបកន្លែងឲ្យនាង ដើម្បីនឹងចិញ្ចឹមនាងនៅទីនោះ អស់រវាង១២៦០ថ្ងៃ។
7. នោះមានចំបាំងនៅលើមេឃ គឺមីកែល និងពួកទេវតារបស់លោកច្បាំងនឹងនាគ ហើយនាគ និងទេវតាវាក៏ច្បាំងនឹងលោកដែរ
8. តែមិនបានឈ្នះទេ ក៏មិនឃើញមានកន្លែងណាឲ្យវា នៅលើមេឃទៀតផង
9. នោះនាគធំ ត្រូវបោះទំលាក់ទៅ គឺជាពស់ពីបុរាណ ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង ដែលបាននាំលោកីយ៍ទាំងមូលឲ្យវង្វេងចេញ វាត្រូវបោះទំលាក់ទៅផែនដីវិញ ព្រមទាំងពួកទេវតារបស់វាផង។
10. នោះខ្ញុំឮសំឡេង១យ៉ាងខ្លាំង នៅលើមេឃថា ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្តា និងរាជ្យរបស់ព្រះនៃយើងរាល់គ្នា ហើយអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់ បានមកដល់ហើយ ដ្បិតអានោះដែលចោទប្រកាន់ពីពួកបងប្អូនយើងរាល់គ្នា ដែលចេះតែចោទពីគេ នៅចំពោះព្រះទាំងយប់ទាំងថ្ងៃ វាត្រូវបោះទំលាក់ទៅហើយ
11. គេបានឈ្នះវា ដោយសារឈាមនៃកូនចៀម ហើយដោយសារសេចក្ដីបន្ទាល់របស់គេ ក៏មិនបានស្តាយជីវិតខ្លួនដរាបដល់ស្លាប់
12. ដោយហេតុនោះ ឱស្ថានសួគ៌ និងពួកអ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី និងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ។
13. លុះនាគឃើញថា វាត្រូវបោះទំលាក់ទៅផែនដីហើយ នោះវាក៏ធ្វើទុក្ខដល់ស្ត្រីដែលសំរាលកូនប្រុសនោះ