1. មានគេឲ្យដើមបបុសទុកជាខ្នាតមកខ្ញុំ ដោយថា ចូរក្រោកឡើងទៅវាស់ព្រះវិហារនៃព្រះ និងអាសនា ហើយនឹងពួកអ្នកដែលថ្វាយបង្គំក្នុងព្រះវិហារផង
2. តែទីលានដែលនៅខាងក្រៅ នោះត្រូវចោលចេញ កុំឲ្យវាស់ឡើយ ដ្បិតបានឲ្យទីនោះដល់សាសន៍ដ៏ទៃហើយ គេនឹងជាន់ទីក្រុងបរិសុទ្ធអស់រវាង៤២ខែ
3. អញនឹងឲ្យអំណាចដល់ស្មរបន្ទាល់អញទាំង២នាក់ គេនឹងទាយក្នុងរវាង១២៦០ថ្ងៃ ទាំងស្លៀកពាក់សំពត់ធ្មៃផង
4. អ្នក២នាក់នោះ គេជាដើមអូលីវទាំង២ ហើយជាចង្កៀងទាំង២ ដែលឈរនៅចំពោះព្រះអម្ចាស់នៃផែនដី
5. បើអ្នកណាចង់ធ្វើទុក្ខដល់អ្នក២នាក់នោះ នឹងមានភ្លើងចេញពីមាត់គេ មកបញ្ឆេះបំផ្លាញពួកខ្មាំងសត្រូវវិញ បើសិនជាអ្នកណាចង់ធ្វើទុក្ខគេ នោះត្រូវស្លាប់ទៅយ៉ាងដូច្នោះ
6. អ្នកទាំង២នោះមានអំណាចនឹងធ្វើឲ្យមេឃរាំង មិនឲ្យភ្លៀងធ្លាក់មកក្នុងគ្រាដែលគេទាយ ក៏មានអំណាចនឹងបំផ្លាស់ទឹកឲ្យទៅជាឈាម ហើយនឹងធ្វើឲ្យផែនដីកើតមានសេចក្ដីទេវនាគ្រប់យ៉ាង ក្នុងវេលាណាក៏ដោយ តាមតែចិត្តបាន។
7. កាលណាអ្នក២នាក់នោះ បានធ្វើបន្ទាល់របស់ខ្លួនស្រេចហើយ នោះសត្វសាហាវដែលឡើងមកពីជង្ហុកធំនឹងច្បាំងនឹងគេ ទាំងឈ្នះ ហើយសំឡាប់គេផង
8. ខ្មោចគេទាំង២នាក់ នឹងដេកនៅផ្លូវទីក្រុងធំ ដែលខាងព្រលឹងវិញ្ញាណហៅថាក្រុងសូដុំម ហើយស្រុកអេស៊ីព្ទ គឺនៅក្រុងនេះឯង ដែលមនុស្សបានឆ្កាងព្រះអម្ចាស់នៃអ្នកទាំង២នោះដែរ