វិវរណៈ 1:7-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. មើល ទ្រង់​យាង​មក​តាម​ពពក នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ទ្រង់ ព្រម​ទាំង​ពួក​អ្នក​ដែល​ចាក់​ទ្រង់​ផង រួច​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​យំ​សោក ដោយ​ព្រោះ​ទ្រង់ អើ មែន​ហើយ អាម៉ែន។

8. ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​ទ្រង់​គង់​នៅ ក៏​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត គឺ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ជា​អាលផា និង​ជា​អូមេកា គឺ​ជា​ដើម ហើយ​ជា​ចុង។

9. យ៉ូហាន​ខ្ញុំ ដែល​ជា​បង​ប្អូន​នៃ​អ្នក​រាល់​គ្នា ហើយ​ជា​អ្នក​មាន​ចំណែក​ក្នុង​សេចក្ដី​ទុក្ខ​លំបាក និង​ក្នុង​នគរ ហើយ​ក្នុង​សេចក្ដី​អត់‌ធ្មត់​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​បាន​នៅ​ឯ​កោះ​ឈ្មោះ​ប៉ាត់‌ម៉ុស ដោយ​ព្រោះ​ព្រះ‌បន្ទូល និង​សេចក្ដី​បន្ទាល់​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ

10. ហើយ​នៅ​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់ ខ្ញុំ​បាន​ត្រឡប់​ជា​នៅ​ដោយ​វិញ្ញាណ នោះ​ក៏​ឮ​សំឡេង​បន្លឺ​ឡើង ដូច​ជា​សូរ​ត្រែ នៅ​ខាង​ក្រោយ​ខ្ញុំ​ថា

11. ការ​អ្វី​ដែល​ឯង​ឃើញ នោះ​ចូរ​កត់​ទុក​ក្នុង​សៀវភៅ​ចុះ រួច​ផ្ញើ​ទៅ​ពួក​ជំនុំ​ទាំង​៧ ដែល​នៅ​ស្រុក​អាស៊ី​ផង គឺ​នៅ​ក្រុង​អេភេសូរ ក្រុង​ស្មឺន៉ា ក្រុង​ពើកា‌ម៉ុស ក្រុង​ធាទេរ៉ា ក្រុង​សើដេស ក្រុង​ភីឡា‌ដិលភា ហើយ​នៅ​ក្រុង​ឡៅឌីសេ​ដែរ។

12. ខ្ញុំ​ក៏​បែរ​ខ្លួន​ទៅ​មើល​សំឡេង ដែល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​នោះ លុះ​បែរ​ខ្លួន​ទៅ​ហើយ នោះ​ក៏​ឃើញ​ជើង​ចង្កៀង​មាស​៧

13. នៅ​ត្រង់​កណ្តាល​ជើង​ចង្កៀង​ទាំង​៧​នោះ ឃើញ​មាន​១​អង្គ ដូច​ជា​កូន​មនុស្ស ទ្រង់​ព្រះ‌ពស្ត្រ​វែង​ដល់​ព្រះ‌បាទ ហើយ​មាន​ខ្សែ​មាស​រឹត​ត្រង់​ព្រះ‌ឧរា

14. ព្រះ‌សិរសា គឺ​ដូច​ហិមៈ ព្រះ‌នេត្រ​ទ្រង់ ដូច​ជា​អណ្តាត​ភ្លើង

15. ព្រះ‌បាទ​ទ្រង់​ដូច​ជា​លង្ហិន​រលីង ដែល​ភ្លឺ‌ផ្លេកៗ ដូច​ជា​ដុត​ក្នុង​គុក​ភ្លើង ព្រះ‌សូរ‌សៀង​ទ្រង់​ដូច​ជា​សូរ​នៃ​ទឹក​ច្រើន

16. នៅ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​កាន់​ផ្កាយ​៧ ក៏​មាន​ដាវ​មុខ​២​ដ៏​មុត ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក ហើយ​ព្រះ‌ភក្ត្រ​ទ្រង់ ដូច​ជា​ថ្ងៃ​ភ្លឺ​ពេញ​អំណាច

17. កាល​ខ្ញុំ​ឃើញ​ទ្រង់ នោះ​ខ្ញុំ​ដួល​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់​ដូច​ជា​ស្លាប់ តែ​ទ្រង់​ដាក់​ព្រះ‌ហស្ត​ស្តាំ​លើ​ខ្ញុំ ដោយ​ព្រះ‌បន្ទូល​ថា កុំ​ខ្លាច​អ្វី​ឡើយ អញ​ជា​ដើម ហើយ​ជា​ចុង

18. ជា​ព្រះ​ដ៏​រស់​នៅ អញ​បាន​ស្លាប់ តែ​មើល អញ​រស់​នៅ​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ​វិញ អញ​ក៏​មាន​កូន​សោ​នៃ​សេចក្ដី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដែរ

19. ដូច្នេះ ចូរ​ឲ្យ​ឯង​កត់​អស់​ទាំង​សេចក្ដី​ដែល​ឯង​បាន​ឃើញ ព្រម​ទាំង​សេចក្ដី​ដែល​មាន​សព្វ​ថ្ងៃ​នេះ និង​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ត្រូវ​កើត​មក​តាម​ក្រោយ​ទៀត​ផង

20. ឯ​សេចក្ដី​អាថ៌‌កំបាំង​ពី​ផ្កាយ​ទាំង​៧ ដែល​ឯង​បាន​ឃើញ​នៅ​ដៃ​ស្តាំ​អញ ហើយ​ពី​ជើង​ចង្កៀង​មាស​ទាំង​៧ នោះ​ស្រាយ​ថា ផ្កាយ​ទាំង​៧​នោះ គឺ​ជា​ទេវតា​របស់​ពួក​ជំនុំ​ទាំង​៧ ហើយ​ជើង​ចង្កៀង​ទាំង​៧ នោះ​គឺ​ជា​ពួក​ជំនុំ​ទាំង​៧​នោះ​ឯង។

វិវរណៈ 1