6. ព្រមទាំងតាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃថ្វាយព្រះដ៏ជាព្រះវរបិតា នោះសូមឲ្យទ្រង់បានសិរីល្អ និងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។
7. មើល ទ្រង់យាងមកតាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់ ព្រមទាំងពួកអ្នកដែលចាក់ទ្រង់ផង រួចគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះទ្រង់ អើ មែនហើយ អាម៉ែន។
8. ព្រះអម្ចាស់ដ៏ជាព្រះ ដែលទ្រង់គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត គឺជាព្រះដ៏មានព្រះចេស្តាបំផុត ទ្រង់មានព្រះបន្ទូលថា អញជាអាលផា និងជាអូមេកា គឺជាដើម ហើយជាចុង។
9. យ៉ូហានខ្ញុំ ដែលជាបងប្អូននៃអ្នករាល់គ្នា ហើយជាអ្នកមានចំណែកក្នុងសេចក្ដីទុក្ខលំបាក និងក្នុងនគរ ហើយក្នុងសេចក្ដីអត់ធ្មត់របស់ព្រះយេស៊ូវគ្រីស្ទ ជាមួយនឹងអ្នករាល់គ្នាដែរ ខ្ញុំបាននៅឯកោះឈ្មោះប៉ាត់ម៉ុស ដោយព្រោះព្រះបន្ទូល និងសេចក្ដីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ
10. ហើយនៅថ្ងៃនៃព្រះអម្ចាស់ ខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ នោះក៏ឮសំឡេងបន្លឺឡើង ដូចជាសូរត្រែ នៅខាងក្រោយខ្ញុំថា
11. ការអ្វីដែលឯងឃើញ នោះចូរកត់ទុកក្នុងសៀវភៅចុះ រួចផ្ញើទៅពួកជំនុំទាំង៧ ដែលនៅស្រុកអាស៊ីផង គឺនៅក្រុងអេភេសូរ ក្រុងស្មឺន៉ា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា ហើយនៅក្រុងឡៅឌីសេដែរ។
12. ខ្ញុំក៏បែរខ្លួនទៅមើលសំឡេង ដែលមានព្រះបន្ទូលមកខ្ញុំនោះ លុះបែរខ្លួនទៅហើយ នោះក៏ឃើញជើងចង្កៀងមាស៧
13. នៅត្រង់កណ្តាលជើងចង្កៀងទាំង៧នោះ ឃើញមាន១អង្គ ដូចជាកូនមនុស្ស ទ្រង់ព្រះពស្ត្រវែងដល់ព្រះបាទ ហើយមានខ្សែមាសរឹតត្រង់ព្រះឧរា
14. ព្រះសិរសា គឺដូចហិមៈ ព្រះនេត្រទ្រង់ ដូចជាអណ្តាតភ្លើង
15. ព្រះបាទទ្រង់ដូចជាលង្ហិនរលីង ដែលភ្លឺផ្លេកៗ ដូចជាដុតក្នុងគុកភ្លើង ព្រះសូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើន
16. នៅព្រះហស្តស្តាំទ្រង់កាន់ផ្កាយ៧ ក៏មានដាវមុខ២ដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយព្រះភក្ត្រទ្រង់ ដូចជាថ្ងៃភ្លឺពេញអំណាច
17. កាលខ្ញុំឃើញទ្រង់ នោះខ្ញុំដួលនៅទៀបព្រះបាទទ្រង់ដូចជាស្លាប់ តែទ្រង់ដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយព្រះបន្ទូលថា កុំខ្លាចអ្វីឡើយ អញជាដើម ហើយជាចុង
18. ជាព្រះដ៏រស់នៅ អញបានស្លាប់ តែមើល អញរស់នៅអស់កល្បជានិច្ចរៀងរាបតទៅវិញ អញក៏មានកូនសោនៃសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ
19. ដូច្នេះ ចូរឲ្យឯងកត់អស់ទាំងសេចក្ដីដែលឯងបានឃើញ ព្រមទាំងសេចក្ដីដែលមានសព្វថ្ងៃនេះ និងសេចក្ដីទាំងប៉ុន្មាន ដែលត្រូវកើតមកតាមក្រោយទៀតផង
20. ឯសេចក្ដីអាថ៌កំបាំងពីផ្កាយទាំង៧ ដែលឯងបានឃើញនៅដៃស្តាំអញ ហើយពីជើងចង្កៀងមាសទាំង៧ នោះស្រាយថា ផ្កាយទាំង៧នោះ គឺជាទេវតារបស់ពួកជំនុំទាំង៧ ហើយជើងចង្កៀងទាំង៧ នោះគឺជាពួកជំនុំទាំង៧នោះឯង។