1. នេះជាសេចក្ដី ដែលព្រះយេស៊ូវគ្រីស្ទ បានបើកឲ្យឃើញ ជាសេចក្ដីដែលព្រះបានប្រទានមកទ្រង់ ដើម្បីនឹងបង្ហាញដល់ពួកបាវបំរើទ្រង់ ឲ្យដឹងពីអស់ទាំងការ ដែលបន្តិចទៀតត្រូវកើតមានមក ទ្រង់ក៏បានសំដែងឲ្យឃើញ ដោយចាត់ទេវតាទ្រង់មកឯយ៉ូហាន ជាបាវបំរើទ្រង់
2. គាត់បានធ្វើបន្ទាល់ប្រាប់តាមព្រះបន្ទូល និងសេចក្ដីបន្ទាល់នៃព្រះយេស៊ូវគ្រីស្ទ គឺពីគ្រប់ទាំងសេចក្ដីដែលគាត់បានឃើញ
3. មានពរហើយ អ្នកណាដែលមើល និងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ។
4. សំបុត្រយ៉ូហានខ្ញុំ ផ្ញើមកពួកជំនុំទាំង៧ នៅស្រុកអាស៊ី សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត អំពីព្រះដ៏គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត និងអំពីព្រះវិញ្ញាណទាំង៧ ដែលនៅចំពោះបល្ល័ង្កទ្រង់