1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅណូអេថា ត្រូវឲ្យឯង និងពួកគ្រួឯងចូលទាំងអស់ទៅក្នុងទូក ពីព្រោះក្នុងពួកមនុស្សជាន់នេះ អញឃើញមានតែឯងទេ ដែលសុចរិតនៅចំពោះអញ
2. ខាងឯសត្វជើង៤ដែលស្អាត នោះឯងត្រូវយក៧គូ ហើយសត្វជើង៤ដែលមិនស្អាត នោះឲ្យយកតែ១គូវិញ គឺទាំងឈ្មោលទាំងញីផង
3. ឯសត្វហើរលើអាកាស នោះត្រូវយក៧គូដែរ ព្រមទាំងឈ្មោលទាំងញី ដើម្បីទុកពូជវាឲ្យរស់នៅគ្រប់លើផែនដី
4. ដ្បិតនៅ៧ថ្ងៃទៀត អញនឹងបង្អុរភ្លៀងមកលើផែនដី៤០ថ្ងៃ៤០យប់ ហើយអញនឹងលុបគ្រប់ទាំងជីវិតដែលអញបានបង្កើតមក ឲ្យសូន្យបាត់ពីផែនដីចេញ
5. នោះណូអេក៏ធ្វើសំរេចតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក។
6. ណូអេអាយុបាន៦០០ឆ្នាំ ក្នុងកាលដែលទឹកជន់ឡើងលិចផែនដី
7. ហើយណូអេ ព្រមទាំងប្រពន្ធកូន និងកូនប្រសាស្រីគាត់ ក៏នាំគ្នាចូលទៅក្នុងទូក ដោយព្រោះទឹកជន់
8. ឯសត្វជើង៤ទាំងស្អាតទាំងមិនស្អាត និងសត្វស្លាប ហើយសត្វលូនវារនៅដីគ្រប់មុខ
9. ក៏ចូល១គូៗទាំងឈ្មោលទាំងញីទៅឯណូអេក្នុងទូក ដូចជាព្រះទ្រង់បានបង្គាប់មកណូអេ
10. រួចដល់ផុតពី៧ថ្ងៃនោះមក ជំនន់ក៏ឡើងលើផែនដី
11. គឺនៅឆ្នាំ៦០០ក្នុងអាយុណូអេ ក្នុងថ្ងៃ១៧ខែទី២ ថ្ងៃនោះឯងគ្រប់អស់ទាំងរន្ធទឹកនៅទីជំរៅធំក៏ធ្លាយ ហើយទ្វារទំនប់នៅលើមេឃក៏ត្រូវបើកចេញ