8. ប៉ុន្តែ ណូអេបានប្រកបដោយព្រះគុណនៅចំពោះព្រះយេហូវ៉ាវិញ។
9. នេះជាពង្សាវតាររបស់ណូអេ គាត់ជាអ្នកសុចរិត ហើយគ្រប់លក្ខណ៍នៅក្នុងដំណវង្សខ្លួន គាត់ក៏ដើរជាមួយនឹងព្រះ
10. ហើយបង្កើតបានកូនប្រុស៣ គឺសិម១ ហាំ១ និងយ៉ាផែត១
11. ឯផែនដី នោះបានខូចអាក្រក់នៅចំពោះព្រះ ក៏មានពេញជាសេចក្ដីកាចសហ័សផង
12. ហើយព្រះទ្រង់ទតមើលផែនដី ឃើញថាខូចអាក្រក់ដូច្នេះ ដ្បិតគ្រប់ទាំងសាច់បានបង្ខូចផ្លូវខ្លួននៅផែនដីទៅហើយ។
13. ព្រះទ្រង់មានព្រះបន្ទូលទៅណូអេថា អស់ទាំងសាច់ត្រូវផុតពីមុខអញហើយ ដ្បិតផែនដីបានពេញជាសេចក្ដីកាចសហ័សដោយសារគេ មើល អញនឹងបំផ្លាញគេទៅជាមួយនឹងផែនដីផង
14. ចូរឯងយកឈើម៉ៃសាក់ធ្វើជាទូកធំសំរាប់ឯង ត្រូវឲ្យធ្វើបន្ទប់នៅក្នុងទូកនោះ ហើយពរជ័រទាំងខាងក្នុងខាងក្រៅ
15. ត្រូវឲ្យឯងធ្វើយ៉ាងដូច្នេះ គឺបណ្តោយ៣០០ហត្ថ ទទឹង៥០ហត្ថ ហើយកំពស់៣០ហត្ថ
16. ត្រូវធ្វើបង្អួចក្នុងទូកចុះពីលើ១ហត្ថ ហើយត្រូវឲ្យមានទ្វារនៅពីខាងចំហៀង ត្រូវធ្វើឲ្យមានថ្នាក់ក្រោម ថ្នាក់ទី២ និងថ្នាក់ទី៣
17. នោះអញ មើល គឺអញនេះហើយនឹងធ្វើឲ្យមានជំនន់លើផែនដី ដើម្បីនឹងបំផ្លាញគ្រប់ទាំងសាច់ដែលមានដង្ហើមជីវិតពីក្រោមមេឃចេញ គ្រប់ទាំងអស់នៅផែនដីនឹងត្រូវស្លាប់បង់
18. តែអញនឹងតាំងសេចក្ដីសញ្ញាអញចំពោះឯង ហើយឯងនឹងចូលទៅក្នុងទូកធំនោះ ព្រមទាំងប្រពន្ធកូន និងកូនប្រសាឯងជាមួយនឹងឯងដែរ
19. ឯត្រង់អស់ទាំងសាច់ដែលមានជីវិតទាំងឡាយ នោះចូរឲ្យឯងនាំយក១គូៗ ទាំងឈ្មោលទាំងញីគ្រប់តែពូជចូលទៅក្នុងទូក ឲ្យបានរួចជីវិតជាមួយនឹងឯងផង