5. ឪពុកយើងបានឲ្យយើងស្បថដោយថា មើល អញត្រូវស្លាប់ ចូរឯងកប់សពអញនៅក្នុងផ្នូររបស់អញ ដែលអញបានជីកសំរាប់អញនៅស្រុកកាណាន ដូច្នេះសូមទ្រង់អនុញ្ញាតឲ្យយើងបានឡើងទៅ កប់ខ្មោចរបស់ឪពុកយើងឥឡូវ រួចយើងនឹងវិលត្រឡប់មកវិញ
6. នោះផារ៉ោនទ្រង់មានព្រះបន្ទូលថា ចូរឡើងទៅកប់សពឪពុកអ្នកចុះ តាមដែលគាត់បានឲ្យអ្នកស្បថនោះ។
7. យ៉ូសែបក៏ឡើងទៅកប់សពឪពុក ហើយពួកមហាតលិកផារ៉ោនទាំងអស់ និងពួកចាស់ទុំនៅដំណាក់ទ្រង់ ព្រមទាំងពួកចាស់ទុំនៅស្រុកអេស៊ីព្ទទាំងប៉ុន្មានក៏ឡើងទៅជាមួយដែរ
8. ហើយពួកផ្ទះយ៉ូសែប ទាំងបងប្អូនគាត់ និងពួកផ្ទះឪពុកគាត់ទាំងអស់ផង សល់នៅតែកូនក្មេង និងហ្វូងចៀម ហ្វូងគោរបស់គេប៉ុណ្ណោះដែលទុកឲ្យនៅស្រុកកូសែន
9. ក៏មានរទេះ និងពួកជិះសេះដង្ហែជូនគាត់ទៅជាហ្វូងមនុស្សដ៏ច្រើនក្រៃលែង
10. គេទៅដល់លានស្រូវរបស់អ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ នៅទីនោះគេទួញទំនួញជាខ្លាំង ហើយយ៉ូសែបក៏កាន់ទុក្ខនឹងឪពុកអស់៧ថ្ងៃ
11. កាលពួកអ្នកស្រុកនោះ គឺពួកសាសន៍កាណានបានឃើញគេកាន់ទុក្ខនៅត្រង់លានស្រូវអ័ថាត់ដូច្នោះ នោះគេនិយាយថា នេះជាការកាន់ទុក្ខយ៉ាងខ្លាំងណាស់របស់ពួកសាសន៍អេស៊ីព្ទ បានជាគេហៅទីនោះថា អេបិល-មីសរ៉ែមដែលនៅខាងនាយទន្លេយ័រដាន់
12. ពួកកូនចៅយ៉ាកុប ក៏ធ្វើសំរេចដល់គាត់ ដូចជាគាត់បានផ្តាំទុក
13. គឺពួកកូនចៅបានដឹកសពគាត់ ទៅដល់ស្រុកកាណាន ហើយបញ្ចុះនៅក្នុងរអាង នាចំការម៉ាក់ពេឡា ខាងមុខម៉ាមរេដែលអ័ប្រាហាំបានទិញពីអេប្រុនជាសាសន៍ហេតជាមួយនឹងចំការនោះ ទុកជាទីកប់ខ្មោចរបស់ផងគាត់
14. រួចក្រោយដែលបានបញ្ចុះសពឪពុកហើយ នោះយ៉ូសែបត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ ព្រមទាំងពួកបងប្អូន និងអស់អ្នកដែលបានឡើងទៅជាមួយ ដើម្បីនឹងបញ្ចុះសពឪពុកគាត់ផង។
15. កាលពួកបងរបស់យ៉ូសែបឃើញថា ឪពុកបានស្លាប់ហើយ នោះគេជំនុំគ្នាថា ប្រហែលជាយ៉ូសែបនឹងស្អប់យើងហើយ មុខជាវានឹងសងសឹកចំពោះយើងជាមិនខាន ដោយព្រោះគ្រប់ទាំងការអាក្រក់ដែលយើងបានធ្វើដល់វា