លោកុប្បត្តិ 50:2-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. រួច​យ៉ូសែប​បង្គាប់​ដល់​គ្រូ‌ពេទ្យ​ជា​អ្នក​បំរើ​គាត់​ឲ្យ​ដាក់​បារទ‌សព​ឪពុក ពួក​គ្រូ‌ពេទ្យ​ក៏​ដាក់​បារទ‌សព​អ៊ីស្រា‌អែល​ទៅ

3. គេ​រៀប‌ចំ​ឲ្យ​គាត់​ពេញ​៤០​ថ្ងៃ ដ្បិត​គឺ​គំរប​ថ្ងៃ​ទាំង​នោះ ដែល​ធ្លាប់​ដាក់​បារទ‌ខ្មោច​ទាំង​ប៉ុន្មាន ហើយ​ពួក​សាសន៍​អេស៊ីព្ទ​គេ​នាំ​គ្នា​កាន់​ទុក្ខ​អស់​៧០​ថ្ងៃ

4. រួច​កាល​ផុត​វេលា​ដែល​គេ​កាន់​ទុក្ខ​ហើយ នោះ​យ៉ូសែប​ក៏​ផ្តាំ​ដល់​ពួក​ដំណាក់​ផារ៉ោន​ថា ឥឡូវ​បើ​ខ្ញុំ​ប្រកប​ដោយ​គុណ​នៃ​អ្នក​រាល់​គ្នា នោះ​សូម​ទូល​ដល់​ផារ៉ោន​ថា

5. ឪពុក​យើង​បាន​ឲ្យ​យើង​ស្បថ​ដោយ​ថា មើល អញ​ត្រូវ​ស្លាប់ ចូរ​ឯង​កប់​សព​អញ​នៅ​ក្នុង​ផ្នូរ​របស់​អញ ដែល​អញ​បាន​ជីក​សំរាប់​អញ​នៅ​ស្រុក​កាណាន ដូច្នេះ​សូម​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​បាន​ឡើង​ទៅ កប់​ខ្មោច​របស់​ឪពុក​យើង​ឥឡូវ រួច​យើង​នឹង​វិល​ត្រឡប់​មក​វិញ

6. នោះ​ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឡើង​ទៅ​កប់​សព​ឪពុក​អ្នក​ចុះ តាម​ដែល​គាត់​បាន​ឲ្យ​អ្នក​ស្បថ​នោះ។

7. យ៉ូសែប​ក៏​ឡើង​ទៅ​កប់​សព​ឪពុក ហើយ​ពួក​មហា‌តលិក​ផារ៉ោន​ទាំង​អស់ និង​ពួក​ចាស់‌ទុំ​នៅ​ដំណាក់​ទ្រង់ ព្រម​ទាំង​ពួក​ចាស់‌ទុំ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​ប៉ុន្មាន​ក៏​ឡើង​ទៅ​ជា​មួយ​ដែរ

8. ហើយ​ពួក​ផ្ទះ​យ៉ូសែប ទាំង​បង​ប្អូន​គាត់ និង​ពួក​ផ្ទះ​ឪពុក​គាត់​ទាំង​អស់​ផង សល់​នៅ​តែ​កូន​ក្មេង និង​ហ្វូង​ចៀម ហ្វូង​គោ​របស់​គេ​ប៉ុណ្ណោះ​ដែល​ទុក​ឲ្យ​នៅ​ស្រុក​កូសែន

9. ក៏​មាន​រទេះ និង​ពួក​ជិះ​សេះ​ដង្ហែ​ជូន​គាត់​ទៅ​ជា​ហ្វូង​មនុស្ស​ដ៏​ច្រើន​ក្រៃលែង

10. គេ​ទៅ​ដល់​លាន​ស្រូវ​របស់​អ័ថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ នៅ​ទី​នោះ​គេ​ទួញ​ទំនួញ​ជា​ខ្លាំង ហើយ​យ៉ូសែប​ក៏​កាន់​ទុក្ខ​នឹង​ឪពុក​អស់​៧​ថ្ងៃ

11. កាល​ពួក​អ្នក​ស្រុក​នោះ គឺ​ពួក​សាសន៍​កាណាន​បាន​ឃើញ​គេ​កាន់​ទុក្ខ​នៅ​ត្រង់​លាន​ស្រូវ​អ័ថាត់​ដូច្នោះ នោះ​គេ​និយាយ​ថា នេះ​ជា​ការ​កាន់​ទុក្ខ​យ៉ាង​ខ្លាំង​ណាស់​របស់​ពួក​សាសន៍​អេស៊ីព្ទ បាន​ជា​គេ​ហៅ​ទី​នោះ​ថា អេបិល-មីសរ៉ែមដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់

12. ពួក​កូន​ចៅ​យ៉ាកុប ក៏​ធ្វើ​សំរេច​ដល់​គាត់ ដូច​ជា​គាត់​បាន​ផ្តាំ​ទុក

លោកុប្បត្តិ 50