4. តែដែលរំពើកចុះឡើងដូចទឹក នោះឯងមិនបានស្ថិតស្ថេរនៅជាប់ទេ ពីព្រោះឯងបានឡើងទៅលើដំណាក់របស់ឪពុកឯង ហើយបានធ្វើឲ្យគ្រែអញទៅជាអាស្រូវ បារាយក្នុងកាលដែលឡើងទៅដេកនោះ។
5. ឯស៊ីម្មាន និងលេវីជាបងប្អូនគ្នា ដាវគេជាគ្រឿងសាហាវណាស់
6. ឱចិត្តអញអើយ កុំឲ្យចូលគំនិតនឹងគេ ឱកិត្តិយសរបស់អញអើយ កុំឲ្យចូលក្នុងជំនុំគេឡើយ ដ្បិតគេបានសំឡាប់មនុស្សដោយមោហោចិត្ត ហើយបានប្រហារអ្នកដែលជាកំពូលដោយអំណរចិត្តផង
7. សេចក្ដីកំហឹងរបស់គេត្រូវបណ្តាសា ដ្បិតជាខ្លាំងលើសលុប ហើយសេចក្ដីឃោរឃៅរបស់គេផង ពីព្រោះជាសាហាវក្រៃលែង អញនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយនឹងកំចាត់កំចាយគេនៅក្នុងពួកអ៊ីស្រាអែល។
8. យូដាអើយ ពួកបងប្អូនឯងនឹងសរសើរឯង ដៃឯងនឹងចាប់កញ្ចឹងកនៃពួកខ្មាំងសត្រូវឯង ពួកកូនឪពុកឯងនឹងឱនគោរពដល់ឯង
9. យូដាជាសិង្ហស្ទាវ កូនអើយ ឯងបានឡើងមកពីស៊ីរំពា វាបានក្រាបចុះ បានដេកដូចជាសិង្ហ ហើយដូចជាសិង្ហយ៉ាងខ្លាំង នោះតើអ្នកណាហ៊ានដាស់វា
10. ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្តាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់
11. ទ្រង់នឹងចងកូនលាភ្ជាប់នឹងដើមទំពាំងបាយជូរ គឺជាកូនរបស់មេលាទ្រង់ភ្ជាប់នឹងដើមយ៉ាងល្អបំផុត ទ្រង់នឹងបោកព្រះពស្ត្រទ្រង់នឹងស្រាទំពាំងបាយជូរ ហើយព្រះពស្ត្រវែងទ្រង់ក្នុងទឹកទំពាំងបាយជូរ
12. ព្រះនេត្រទ្រង់នឹងបានក្រហមដូចស្រាទំពាំងបាយជូរ ហើយព្រះទន្តទ្រង់សដូចទឹកដោះ។
13. សាប់យូល៉ូននឹងនៅមាត់សមុទ្រ វានឹងបានជាមាត់កំពង់សំរាប់នាវា ហើយព្រំស្រុកវានឹងទល់នឹងស្រុកស៊ីដូន។
14. អ៊ីសាខារ វាជាសត្វលាយ៉ាងខ្លាំង ដែលដេកនៅកណ្តាលក្រោលចៀម
15. វាឃើញមានទីឈប់សំរាកដែលស្រួល ហើយថា ស្រុកនោះល្អ រួចវាបានឱនស្មាទទួលនឹម ព្រមទាំងចុះចូលធ្វើការដែលគេបង្ខំឲ្យធ្វើ។
16. ដាន់នឹងជំនុំជំរះពួកវា ទុកដូចជាពូជអំបូរអ៊ីស្រាអែល១
17. ដាន់នឹងធ្វើជាពស់នៅក្នុងផ្លូវ គឺជាពស់វែកនៅផ្លូវច្រកដែលចឹកកែងជើងសេះ ឲ្យអ្នកជំនិះធ្លាក់ផ្ងារក្រោយ
18. ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានរង់ចាំសេចក្ដីសង្គ្រោះរបស់ទ្រង់។
19. ឯកាឌ់នឹងមាន១ហ្វូងមកប្រជ្រៀតលើវា តែវានឹងដេញប្រកិតតាមកែងគេវិញ។
20. ឯអេស៊ើរ អាហារវានឹងបានវិសេស ហើយវានឹងផ្គត់ផ្គង់របស់យ៉ាងឆ្ងាញ់ថ្វាយស្តេច។