1. យ៉ាកុបក៏ហៅកូនគាត់ទាំងអស់មកប្រាប់ថា ចូរឯងប្រមូលគ្នាទាំងអស់មក ដើម្បីអញនឹងប្រាប់ឲ្យដឹងពីការដែលនឹងកើតដល់ឯងរាល់គ្នានៅជាន់ក្រោយ
2. ចូរប្រជុំគ្នាស្តាប់ចុះ ឱពួកកូនយ៉ាកុបអើយ ចូរស្តាប់អ៊ីស្រាអែលជាឪពុកនៃឯងរាល់គ្នា។
3. រូបេនអើយ ឯងជាកូនច្បង ជាឫទ្ធីហើយជាដើមកំឡាំងរបស់អញ ឯងមានកិត្តិយស មានឥទ្ធិឫទ្ធិយ៉ាងឯក
4. តែដែលរំពើកចុះឡើងដូចទឹក នោះឯងមិនបានស្ថិតស្ថេរនៅជាប់ទេ ពីព្រោះឯងបានឡើងទៅលើដំណាក់របស់ឪពុកឯង ហើយបានធ្វើឲ្យគ្រែអញទៅជាអាស្រូវ បារាយក្នុងកាលដែលឡើងទៅដេកនោះ។
5. ឯស៊ីម្មាន និងលេវីជាបងប្អូនគ្នា ដាវគេជាគ្រឿងសាហាវណាស់
6. ឱចិត្តអញអើយ កុំឲ្យចូលគំនិតនឹងគេ ឱកិត្តិយសរបស់អញអើយ កុំឲ្យចូលក្នុងជំនុំគេឡើយ ដ្បិតគេបានសំឡាប់មនុស្សដោយមោហោចិត្ត ហើយបានប្រហារអ្នកដែលជាកំពូលដោយអំណរចិត្តផង
7. សេចក្ដីកំហឹងរបស់គេត្រូវបណ្តាសា ដ្បិតជាខ្លាំងលើសលុប ហើយសេចក្ដីឃោរឃៅរបស់គេផង ពីព្រោះជាសាហាវក្រៃលែង អញនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយនឹងកំចាត់កំចាយគេនៅក្នុងពួកអ៊ីស្រាអែល។
8. យូដាអើយ ពួកបងប្អូនឯងនឹងសរសើរឯង ដៃឯងនឹងចាប់កញ្ចឹងកនៃពួកខ្មាំងសត្រូវឯង ពួកកូនឪពុកឯងនឹងឱនគោរពដល់ឯង
9. យូដាជាសិង្ហស្ទាវ កូនអើយ ឯងបានឡើងមកពីស៊ីរំពា វាបានក្រាបចុះ បានដេកដូចជាសិង្ហ ហើយដូចជាសិង្ហយ៉ាងខ្លាំង នោះតើអ្នកណាហ៊ានដាស់វា
10. ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្តាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់
11. ទ្រង់នឹងចងកូនលាភ្ជាប់នឹងដើមទំពាំងបាយជូរ គឺជាកូនរបស់មេលាទ្រង់ភ្ជាប់នឹងដើមយ៉ាងល្អបំផុត ទ្រង់នឹងបោកព្រះពស្ត្រទ្រង់នឹងស្រាទំពាំងបាយជូរ ហើយព្រះពស្ត្រវែងទ្រង់ក្នុងទឹកទំពាំងបាយជូរ